បាត់ដំបង៖ ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង បានព្រមានហាមដាច់ខាតគ្រប់កងកម្លាំងទាំងអស់ ឲ្យឃ្លាតឆ្ងាយអំពីបញ្ហាគ្រឿងញៀន ហើយបើមានពាក់ព័ន្ធ ជាមួយគ្រឿងញៀនដាក់ហ៊ុនជាមួយចោរ ដាក់ហ៊ុនជាមួយជនល្មើសលោកមិនអនុគ្រោះនោះទេ។
ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបានខេត្តបាត់ដំបង ដែលធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ នៅឯសាលប្រជុំស្នងការខេត្ត ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ជាមួយគ្នានេះឯកឧត្តមស្នងការក៏បានសង្កត់ធ្ងន់ថា បើមន្ត្រីណាមួយ ដែលអនុវត្តផ្ទុយអំពីគោលការណ៍ របស់កងកម្លាំងនគរបាលជាតិនេះ យើងអាចដកតួនាទី ដកឋានន្តរស័ក្តិនិងអនុវត្តទៅ តាមវិន័យកងកម្លាំងនគរបាលជាតិ ព្រោះក្នុងនាមយើងជាកងកម្លាំងត្រូវតែមានជំហរដាច់ខាត ត្រូវតែប្រឆាំងដាច់ខាត អំពីបញ្ហាដែលល្មើសទៅនឹងច្បាប់ ពិសេសអ្វីដែលបំផ្លាញសង្គមជាតិ អ្វីដែលបំផ្លាញសន្តិភាព យើងត្រូវតែការពារអោយបានដាច់ខាត នេះជាកត្តាមួយដ៏សំខាន់ដែលយើង ត្រូវតែយកចិត្តទុកដាក់ទាំងអស់គ្នា។
បន្ថែមពីនេះទៅទៀតយើង ត្រូវចូលរួមទាំងអស់គ្នាអំពីបញ្ហា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ព្រោះរយះពេលកន្លងមកក្រោយពី ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីៗនេះ យើងសង្កេតឃើញថាបទល្មើសចរាចរណ៍ មានការថយចុះករណីស្លាប់ និងរបួសក៏ថយចុះ។ ហើយក្នុងនាមកងកម្លាំង យើងត្រូវតែពិចារណាអ្វី ដែលជាអំពើល្អត្រូវនាំគ្នាធ្វើចុះហើយអ្វី ដែលជាអំពើបង្កឲ្យអ្នកដទៃឈឺចាប់ អ្នកដទៃអន្តរាយនោះកុំអោយសោះ ហើយចំពោះរាល់ភាពអសកម្មទាំងឡាយ កន្លងទៅយើងត្រូវតែកាត់បន្ថយផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងនាព្រឹកនេះ សមាសភាពមន្រ្តីនគរបាល ដែលត្រូវចូលរួមប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិសរុបចំនួន ១៤៤នាក់ស្រី២៦នាក់ ដែលក្នុងនោះ ផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងចំនួន៣១នាក់ ស្រី៥នាក់ ក្នុងនោះបំពាក់ឋានន្តរស័ក្តិចំនួន៥នាក់មាន៖
-ថ្នាក់ស្នងការរងចំនួន១នាក់
-ថ្នាក់នាយរងការិយាល័យចំនួន៤នាក់
-ថ្នាក់នាយផ្នែកចំណុះការិយាល័យចំនួន៩នាក់ស្រី២នាក់
-ថ្នាក់នាយរងផ្នែកចំណុះការិយាល័យចំនួន១៧នាក់ស្រី៣នាក់។
បំពាក់ឋានន្តរស័ក្តិចំនួន១១៨នាក់ស្រី២១នាក់
-ថ្នាក់វរសេនីយ៍ទោ ចំនួន៦នាក់ ស្រី២នាក់
-ថ្នាក់វរសេនីយ៍ត្រី ចំនួន១៨នាក់ ស្រី៣នាក់
-ថ្នាក់អនុសេនីយ៍ឯក ចំនួន៥៤នាក់ ស្រី៦នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន២៣នាក់ ស្រី៦នាក់
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៥នាក់ ស្រី៤នាក់
-ថ្នាក់ព្រិន្ទបាលទោ ចំនួន២នាក់ ស្រី០នាក់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ