More

    សត្វគោជាច្រើនក្បាលក្នុងក្រុងប៉ៃលិន កំពុងឈឺសម្ងំក្នុងក្រោល កសិករមួយចំនួនកំពុងពិបាកចិត្ត

    spot_img

    ប៉ៃលិន៖ ប្រជាពលរដ្ឋច្រើនគ្រួសាររស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នាំគ្នាពិបាកចិត្តយ៉ាងខ្លាំង មិនដឹងគិតយ៉ាងណា ដោយអ្នកខ្លះ ខិតខំស្វះស្វែងរកឱសថបុរាណខ្មែរ បុកលាយគ្នាបញ្ច្រក ដើម្បីព្យាបាល មិនហ៊ានរកពេទ្យសត្វឯកជនឱ្យចាក់ថ្នាំ ព្រោះខ្លាចងាប់សត្វគោ ណាមួយអត់សូវមានថវិកាគ្រប់គ្រាន់ ខណ:ព្យាបាលគោ១ក្បាល តម្លៃ៣០ទៅ៤០ម៉ឺនរៀលឯណោះ ខណ:សត្វគោចិញ្ចឹមរាប់សិបក្បាល ទទួលរងការឈឺជើង បែកពពុះមាត់ ស៊ីស្មៅអត់កើត នារដូវភ្លៀងធ្លាក់ជោកជាំជាប់ៗ គ្នារាល់ថ្ងៃ។

    បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ប៉ែន ឃុយ អាយុ៥០ឆ្នាំ ប្រពន្ធ ឈ្មោះ ណែត សុខុម អាយុ៤៨ឆ្នាំ បានចិញ្ចឹមសត្វគោ១២ក្បាល ក្នុងនោះមេគោធំៗចំនួន៩ក្បាល ធ្វើទ្រុងនៅលើដីចម្ការមួយកន្លែង ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើ ងដឹង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា សត្វគោចិញ្ចឹមក្នុងក្រោលរបស់ខ្លួន បានកើតជម្ងឺឆ្លងរាលដាល ពីមួយក្បាលទៅមួយក្បាល បណ្តាលឱ្យដាច់ស្មៅ អស់រយ:ពេល៤ទៅ៥ថ្ងៃមកហើយ ក្នុងនោះគោខ្លះបែកពពុះមាត់ ខ្លះទៀតឈឺជើង ដេកក្រោកៗអត់ស៊ីស្មៅនោះឡើយ ដោយមិនទាន់ហៅពេទ្យសត្វឯកជនណាម្នាក់ ទៅព្យាបាលនៅឡើយទេ ព្រោះអស់ថវិកាច្រើន ក្នុង១ក្បាលៗ បើគោធំគេទារថ្លៃ ចាក់ថ្នាំចាប់ពី៣០ ទៅ៤០ម៉ឺនរៀលឯណោះ។ តែការព្យាបាល ជួនកាលជាសះស្បើយឡើងវិញ ជួនកាលទៀត ជម្ងឺរើដូចដើម និងបណ្តាលឱ្យងាប់ថែម ទៀត ទើបគាត់រកឱសថបុរាណខ្មែរ បុកបញ្ច្រកតែម្តង ក្រែងធូរស្បើយ។

    លោកពិតជាមានការព្រួយបារម្ភខ្លាំង ចំពោះសត្វគោចិញ្ចឹមរបស់ខ្លួន ព្រោះគោធំៗ មានតម្លៃចាប់ពី២០០០ដុល្លារ ដល់៦០០០ដុល្លារឯណោះ សត្វគោទាំង១២ក្បាល បើគិតជាទឹកប្រាក់សរុប គឺជាង២ម៉ឺនដុល្លារ។ លោកក៏សូមអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរខេត្តប៉ៃលិន ហើយផ្នែកខាងបសុសត្វ ជាពិសេសខាងមន្ទីរពាក់ព័ន្ធ ជួយចុះទៅព្យាបាល សត្វគោចិញ្ចឹមរបស់ខ្លួន ដែលកំពុងតែដេកឈឺ នៅក្នុងក្រោលផងដែរ។

    ចំណែកលោក ថ្លាង សុធា អាយុ៤៤ឆ្នាំ បានរៀបរាប់ឱ្យដឹងដែរថា គាត់ចិញ្ចឹមសត្វគោចំនួន១៤ក្បាល រហូតមកដល់ពេលនេះ កំពុងដេកឈឺ នៅក្នុងក្រោលទាំងអស់ ដោយអត់មានថវិកា សម្រាប់ហៅពេទ្យសត្វឯកជន ទៅចាក់ថ្នាំព្យាបាលនោះឡើយ ដោយផ្សំថ្នាំឱសថបុរាណខ្មែរ ដូចជា ដើមបណ្តូលពេជ្រ អំពិលប្រក់ផ្លែ និងក្តាមស្រែ បុកលាយគ្នា បញ្ច្រកតែម្តង ដោយមើលទៅក៏ធូរស្បើយខ្លះដែរ តែនៅព្រួយបារម្ភខ្លាំង ។ រហូតមកដល់ពេលនេះ សត្វគោទាំងអស់របស់គាត់ ចាប់ផ្តើមស៊ីស្មៅតិចៗ វិញហើយ តែនៅឡើយមិនទាន់ដើរ រួចនោះទេ ព្រោះមានការឈឺជើងទាំងអស់។

    ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្តប៉ៃលិន បានឱ្យដឹងថា ចាប់ពីដើមខែតុលា រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ សត្វគោចិញ្ចឹមឈឺច្រើន ដោយខាងលោក បានដឹកនាំមន្រ្តីបសុសត្វព្យាបាលរាល់ថ្ងៃ សរុបទៅជាង១០០០ក្បាលហើយ។

    លោកបន្តទៀតថា ខាងលោកក៏ចុះចាក់ថ្នាំព្យាបាលសត្វគោចិញ្ចឹម នៅក្នុងក្រុងប៉ៃលិនដែរ ដោយបន្ទាប់ពីទទួលបានដំណឹងនេះ ខាងលោកនឹងទាក់ទងទៅ ខាងភូមិដីក្រហម ដើម្បី ចុះទៅព្យាបាលឱ្យបានទាន់ពេលវេលា៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img