More

    សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន ចូលជួបសម្ដែងការគួរសម

    spot_img

    នៅព្រឹកថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

    ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម YAMAGUCHI Natsuo និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានអបអរសាទរចំពោះថ្ងៃខួបកំណើតរបស់ឯកឧត្តម YAMAGUCHI កាលពីថ្ងៃទី១២កក្កដា កន្លងទៅនេះ។ សម្ដេចបានបង្ហាញនូវក្តីសង្ឃឹមថា ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងជួយក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងជប៉ុន។
    ឯកឧត្តម YAMAGUCHI Natsuo បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្តេចតេជោ បានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូ បានចូលជួបសម្តែងការគួរសម។ ក្នុងនាមថ្នាក់ដឹកនាំគណបក្ស Komeito ទាំងអស់ ឯកឧត្តម សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនសម្តេចតេជោ ក្នុងឱកាសជាប់ឆ្នោតជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាកាលពីខែមេសា កន្លងទៅ។

    ឯកឧត្តម YAMAGUCHI ​ បានជូនរូបថតអនុស្សាវរីយ៍មួយសន្លឹក ​ក្នុងឱកាសដែល ឯកឧត្តម អតីតនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានរៀបចំពិធីខួបកំណើតជូន សម្តេចតេជោ នៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីឆ្នាំ២០១៧។

    ឯកឧត្តម បានជម្រាប សម្តេចតេជោថា ឯកឧត្តមធ្លាប់មកបានបំពេញទស្សនកិច្ចនៅកម្ពុជាលើកទីមួយក្នុងឆ្នាំ១៩៩១ ដែលពេលនោះកម្ពុជានៅមានក្រុមប្រដាប់អាវុធរហូត៤ក្រុម ហើយនៅមានសង្គ្រាមនៅឡើយ។ នៅឆ្នាំ១៩៩២ ​ជប៉ុនបានសម្រេចចិត្តបញ្ជូន​កងកម្លាំងរក្សាសន្តិភាពមកកម្ពុជា ​ឯកឧត្តមបានមកកម្ពុជាចំនួន២ដងទៀត ដែលនាពេលនោះ ឯកឧត្តមបានមើលឃើញថា កម្ពុជាកំពុងតែរងគ្រោះដោយសង្គ្រាម ជាពិសេស ដោយបញ្ហាគ្រាប់មីន និង ឯកឧត្តម គិតថា ជប៉ុនគួរតែជួយ​កម្ពុជាក្នុងការដោះមីន ដោយប្រើបច្ចេកទេសនិងគ្រឿងចក្រជប៉ុនសម្រាប់បោសសម្អាតគ្រាប់មីន ។ ឯកឧត្តម បានរំលឹកថា ឯកឧត្តមបានមកកម្ពុជាម្ដងទៀត នៅក្នុងឆ្នាំ២០០៣ ក៏បានជួបជាមួយនឹងឯកឧត្តម ហេង រតនា ដែលបានដឹកនាំក្រុមដោះមីនកម្ពុជា ហើយ ជប៉ុនបានសហការក្នុងបោសសម្អាតមីន ដែលប្រើប្រាស់បច្ចេកវិទ្យាជប៉ុន នៅឆ្នាំ២០០៦។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមក៏បានពិភាក្សាគ្នាជាមួយឯកឧត្តម ហេង រតនា លើកិច្ចសហប្រតិបត្តិការក្នុងការបន្តសកម្មភាពមីននៅកម្ពុជា។

    សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គឺមានរយៈពេលជាង ៣២ឆ្នាំ គិតពីពេលដែលឯកឧត្តម ​មកប្រទេសកម្ពុជាដំបូង ឯកឧត្តមពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញកម្ពុជាមានការរីកចម្រើន ជាពិសេសទីក្រុងភ្នំពេញមានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។ ឯកឧត្តម ក៏បានគោរពនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម ក៏មានមោទនភាពដែលជប៉ុន និងកម្ពុជាឈានទៅដល់ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣។ ទំនាក់ទំនងនេះ បាននាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានពង្រីកទៅដល់វិស័យយោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឌីជីថល Cyber ការប្រែប្រួលអាកាសធាតុ ជាដើម។
    ឯកឧត្តមប្រធាន ក៏បានរំលឹកពីជំនួបសម្តែងការគួរសមជាមួយ សម្តេចធិបតី ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន និងជំនួបពិភាក្សា កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា ជាពិសេសគឺការជំរុញកិច្ចសហប្រតិបត្តិការបោសសម្អាតមីន CMAC និងការចូលរួមសហការដើម្បីបោសសម្អាតមីននៅលើពិភពលោក តាមរយៈជំនាញបទពិសោធន៍ និងសមត្ថភាពលើសគេរបស់ CMAC និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។ ឯកឧត្តម ក៏បានលើកឡើងជាមួយសម្តេចធិបតី អំពីពាណិជ្ជកម្ម និងការវិនិយោគជប៉ុននៅកម្ពុជា ដោយបានលើកអំពីការវិនិយោគរបស់ក្រុមហ៊ុនផ្សារទំនើបអ៊ីអន និងការតម្លើងរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតាផងដែរ។ ឯកឧត្តម ជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ដែលប្រាកដជានាំមកនូវការរីកចម្រើនផ្នែកវិនិយោគនេះបន្ថែមទៀត តាមរយៈធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគក្នុងប្រទេសកម្ពុជា។

    ឯកឧត្តម​ ក៏បានជម្រាបជូនសម្តេចតេជោ ថាឯកឧត្តមបានជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា នៅប្រទេសជប៉ុន និងប្រជាជនជប៉ុនរស់នៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្នមានប្រជាជនជប៉ុន កំពុងរស់នៅក្នុងប្រទេសកម្ពុជាប្រមាណ ៤.០០០នាក់ រីឯ ប្រជាជនកម្ពុជារស់នៅក្នុងប្រទេសជប៉ុន គឺមានចំនួនប្រមាណជា ២០.០០០នាក់។ ក្រៅពីទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកម្ពុជា-ជប៉ុន នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀតផង។

    ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំគណបក្ស Komeito ដែលបានអបអរសាទរ សម្តេច ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ សម្តេចតេជោ បានសម្តែងនូវសេចក្តីរីករាយ និងអរគុណចំពោះរូបថតអនុស្សាវរីយ៍ថ្ងៃខួបកំណើតរបស់សម្តេច ក្នុងឆ្នាំ២០១៧ ដែលរៀបចំដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ។

    សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តម​ YAMAGUCHI ចំពោះការរំលឹកពី​ដំណើរទស្សនកិច្ចមកកម្ពុជា ក្នុងអំឡុងជាង ៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជា កំពុងមានសង្រ្គាមនៅឡើយ និង សូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយ ក៏សង្រ្គាមមិនទាន់បានបញ្ចប់ទាំងស្រុងដែរ។​ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ឯកឧត្តម​ គឺជាសាក្សីរស់ ដែលបានមើលឃើញពីការពិតនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ​ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់។

    សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តេច បន្តទៀតថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។
    សម្ដេចបានមានប្រសាសន៍ថាសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះ មានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ​ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។

    សម្តេចតេជោ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ដូចនេះ ការរក្សាឱ្យបាននូវតុល្យភាពនៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាព ពិតប្រាកដ។
    សម្តេច បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងការបោសសម្អាតមីន ។ តាមរយៈគណបក្ស Komeito សម្តេចសូមស្នើជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជា គ្មានមីន២០២៥” ក៏ ដូចជាជួយដល់អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលបញ្ជូនកម្មសិក្សាមកទទទួលការបណ្តុះបណ្តាលនៅកម្ពុជា។ ជប៉ុន បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាពសម្រាប់ការចូលចតនាវាខ្នាតធំ។
    ទោះបីជាមានការផ្តល់ជំនួយច្រើនពិតមែន ប៉ុន្តែ សម្តេចតេជោ សង្កេតឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ ​សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី កំពុងរៀបចំបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង ។ សម្ដេចចង់ឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះ សម្ដេច ពិតជារីករាយចំពោះការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនទៅជា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានមោទនភាព ដែលបានធ្វើការជាមួយជប៉ុនអស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ ។ សម្ដេចក៏បានសម្តែងនូវក្តីមោទនភាពដែលបានបើកទ្វារឱ្យជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញមកកម្ពុជាមុនគេ។
    ឯកឧត្តម YAMAGUCHI បានថ្លែងអំណរគុណសម្តេចតេជោ និងបានកត់ត្រាយ៉ាងច្បាស់លាស់ពីទស្សនៈប្រកបដោយគតិបណ្ឌិតរបស់សម្តេច អំពីគុណតម្លៃនៃសន្តិភាព ដាច់ខាតត្រូវមានសន្តិភាព ទើបអាចធ្វើការដោះមីន​ អភិវឌ្ឍប្រទេស និងមាននីតិរដ្ឋបាន។ ចំពោះការជំរុញវិនិយោគជប៉ុនមកកម្ពុជា ឯកឧត្តម នឹងពាំនាំខ្លឹមសារនេះទៅដល់រដ្ឋាភិបាលជប៉ុន និងជាពិសេស ទៅរដ្ឋមន្រ្តីសាធារណការជប៉ុន ដែលជាសមាជិកគណបក្ស Komeito ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ឱ្យបានច្រើន និងសម្បូរបែបថែមទៀត ដែលជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគ។ ឯកឧត្តម ក៏សូមគោរពជូនពរ ក្នុងឱកាសខួបកំណើត សម្តេចតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ សូមសម្តេច មានសុខភាពល្អរឹងមាំ និងជោគជ័យសម្រាប់ភារកិច្ចថ្មីនេះ។

    ជាទីបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះពាក្យពេចន៍ជូនពរ ខួបកំណើតរបស់សម្តេច ​ និង ជូនឯកឧត្តមប្រធានពរគណៈប្រតិភូ និងសហការីទាំងអស់ សូមទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅ​កម្ពុជាក្នុងឱកាសនេះ និងសង្ឃឹមថា ឯកឧត្តមប្រធានគណៈប្រតិភូ និងបន្តអញ្ជើញមកកាន់ប្រទេសកម្ពុជាសាជាថ្មីម្ដងទៀត ដើម្បីឃើញពីការអភិវឌ្ឍរបស់កម្ពុជានាពេលខាងមុខ៕

    spot_img

    អត្ថបទទាក់ទង

    spot_img