More

    រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ក្រសួង ស្ថាប័ន ចូលរួមបង្កើតនូវក្លឹបកីឡាផ្សេងៗ ដើម្បី​បង្កនូវ​​បរិយាកាស​ងាយស្រួលសម្រាប់បុគ្គលិក ចូលរួមលេងកីឡា ដើម្បីសុខភាព

    spot_img

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នទាំងអស់សូម​ចូលរួម​បង្កើតនូវក្លឹបកីឡាផ្សេងៗ ដើម្បីបង្កនូវបរិយាកាសងាយស្រួលសម្រាប់បុគ្គលិក និងមន្ត្រីរាជការរចូល​រួម​លេង​កីឡា ដើម្បីសុខភាព រឹតចំណងមិត្តភាព និងផ្លាស់ប្តូរនូវបរិយាកាសក្នុងការបង្កើននូវប្រសិទ្ធភាព​ការ​ងារ និងដាក់ខ្លួននៅឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ការថ្លែងរបស់ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីការប្រកួតវាយសី មិត្តភាព កម្ពុជា-ចិន មិនមែនអាជីព ក្រោមប្រធានបទ “People to People Exchange Amateur Badminton Champion 2024” ដែលរៀបចំឡើងដោយសារព័ត៌មានត្នោត និងសហពន្ធ័កីឡាវាយសីកម្ពុជា នៅទីលានក្លឹបវាយសី នរា ស្ថិតនៅកោះនរា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។

    ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា ការលេងកីឡា គឺប្រៀបដូចទៅនឹងការអប់រំកាយ និងអប់រំចិត្ត ដោយកាត់បន្ថយពេលវេលាដែលមិនសមប្រកប បែរមកលេងកីឡាដើម្បីឱ្យមានកាយសម្បទារឹងមាំ សុខ​ភាព​ល្អ និងមានសាច់ឈាមស្រស់ថ្លា។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្រសួងព័ត៌មាន បានបង្កើតក្លឹបកីឡាហែលទឹកក្រសួងព័ត៌មាន ដែលកំពុងមានការរីកចម្រើន ហើយបាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួង ជាពិសេសបានឈ្នះមេដាយពីការប្រកួតអន្តរជាតិមកជូនប្រទេសជាតិថែមទៀត​ផងដែរ។

    ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ការរៀបចំព្រឹត្តការណ៍នៃការប្រកួតកីឡា​វាយសី​​នេះឡើង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្របតាមការ​ប្តេជ្ញាចិត្តរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីប្រកៀកដៃគ្នាឆ្ពោះទៅសម្រេច «ឆ្នាំនៃការផ្លាស់ប្តូរ​ប្រជា​ជន និងប្រជាជនកម្ពុជា-ចិន ២០២៤» តាមរយៈការលេងកីឡារួមគ្នា។ ឯកឧត្តម រដ្ឋមន្ត្រីក៏បាន​រម្លឹក​ឡើងវិញផងដែរថា កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប្រទេសទាំងពីរក៏ទើបបានរៀបចំរួម​គ្នានូវ​ព្រឹត្តិការណ៍ សម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅអង្គរ (When Shaolin Meets Bokator At Angkor)» នៅក្នុងខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយបញ្ជាបការយល់ដឹងអំពីយុទ្ធនាការ “ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” ដល់ស្រទាប់យុវជនប្រជាជន នៃប្រទេសទាំងពីរ ។ ទន្ទឹមនេះ កាលពីដើមខែមិថុនាកន្លងទៅ គណៈប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានអញ្ជើញទៅចូលកម្មវិធីផ្លាស់ប្តូរប្រជាជន និងប្រជាជន រួមទាំងការផ្សព្វផ្សាយ​វិស័យទេសចរណ៍ នៅយូណាន ប្រទេសចិន ។

    តាមរយៈនៃការរៀបចំព្រឹត្តិការណ៍ ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នាថ្ងៃនេះ ឯកឧត្តម នេត្រ ភក្ត្រា មានជំនឿជាក់ថា នឹងរួមចំណែកបន្ថែមមួយកម្រិតទៀតធ្វើឱ្យ ទំនាក់ទំនងរវាង​ប្រទេសទាំងពីរកាន់តែរឹងមាំ ស៊ីជម្រៅ និងសម្រេចបាននូវចក្ខុវិស័យ នៃការបង្កើត “សហគមន៍ជោគ​វាសនា​រួម កម្ពុជា-ចិន”។ ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់សារជាថ្មីថា ការជួបជុំគ្នាលេងកីឡានៅថ្ងៃនេះ អាចប្រព្រឹត្តទៅបានក៏​ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើន​ស្ទើរគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចដែលមាននៅក្នុងទិសស្លោកសម្រាប់ការប្រកួតកី​ឡាស៊ីហ្គេមដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ «កីឡារស់នៅក្នុងសន្តិភាព» ឬ «Sport Lives in Peace» ។

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជឿជាក់ថា ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែន​អាជីព) នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបន្តពូនជ្រំទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគីនិងជាច្រកមួយដែលបើកទូលាយដើម្បីស្វាគមន៍កិច្ចសហការនានា ដែល​បន្តធ្វើរួមគ្នានាពេល អនាគត ដើម្បីរួមចំណែកក្នុងដំណើរអភិវឌ្ឍន៍ប្រជាជាតិទាំងពីរ កម្ពុជា ចិន ។

    ក្រសួងព័ត៌មាន

    spot_img

    អត្ថបទទាក់ទង

    spot_img