ថ្លែងក្នុងទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនា ២០២៤ ក្រោមប្រធានបទ «ការកែប្រែដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត” ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រដ្ឋបាលក្រុងបានលុង និងមន្ទីរពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅបរិវេណរម្មណីយដ្ឋាន បឹងយក្ខឡោមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែមសំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្ដាច់មុខរបស់មន្ទីរបរិស្ថាន បុគ្គលណាម្នាក់ ឬអង្គភាព ណាមួយនោះទេ គឺត្រូវចូលរួមទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្តបន្តថា ទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤ បានប្រារព្ធឡើងក្រោមប្រធាន «ការកែប្រែ គុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» គឺចង់បង្ហាញនូវសារៈសំខាន់នៃការចូលរួមរបស់ យើងទាំងអស់គ្នាដែលជាប្រជាជនកម្ពុជាក្នុងការស្រឡាញ់ ទឹកដី ស្រឡាញ់ធនធានធម្មជាតិ និងចូលរួម ថែ រក្សា ការពារដើម្បីបរិស្ថានស្អាតតាមរយៈការចូលរួមជាមួយសកម្មភាពងាយៗ រួមមាន ការប្រតិបត្តិមេត្រី ភាព បរិស្ថាន ការសំអាតអនាម័យបរិស្ថាន តាមលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់សំរាម សំណល់រឹង-រាវ ផ្សេងៗបា នត្រឹមត្រូវដោយដាក់ក្នុងធុងសំរាម និងការដាំដើមឈើឱ្យបានផុសផុល ដើម្បីបរិស្ថានបៃតងស្រស់ បំព្រងប្របកដោយ ផាសុខភាព។
ហើយតាមរយៈការប្រារព្ធទិវានេះឯកឧត្តម ញ៉ែមសំអឿន មានជំនឿ ជាក់ថា នឹងក្លាយជាចរន្តចលករ ជំរុញឱ្យមានការផ្ដួចផ្ដើមធ្វើសកម្មភាព មេត្រីភាព បរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់បានត្រឹមត្រូវ ដោយមិនបោះ ចោលពាសវាលពាសកាលនៅទីសាធារណៈ ដែលមិនធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពប្រទេសជាតិយើង។
កម្ពុជាស្អាត ខ្មែរធ្វើបាន! ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ! ៕