ព្រះសីហនុ- កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំរួមដោយ លោកវរសេនីយ៍ត្រី ហ៊ាង ដារ៉ា អនុប្រធានមន្ទីរ ចេញប្រតិបត្តិការល្បាតចល័តតាមដងផ្លូវក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
ក្រោមការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង២២:១៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា ស្វែករកបទល្មើស បង្ការ ទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពក្រុមក្មេងទំនើង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងនោះសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យឆែកឆេរយុវជនជិះម៉ូតូមួយក្រុម ចំនួន ០៤នាក់ ម៉ូតូ ០២គ្រឿង ដែលប្រមូលផ្ដុំគ្នា ក៏ប្រទះឃើញមានដែកឆាបចុងស្រួច ចំនួន ០២ដេីម នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បច្ចុប្បន្នកម្លាំងជំនាញ បាននាំខ្លួនក្រុមយុវជនខាងលើ រួមនឹងវត្ថុតាង មកកាន់បញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីសាកសួរបន្តនិតីវិធី។