(ប៉ៃលិន)ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃអភិបាលខេត្តប៉ៃលិន បានប្រជុំរកដំណោះស្រាយបន្ទាន់ និងចាត់វិធានការផ្លូវច្បាប់ជាមួយក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ ដែលមិនគោរពតាមស្តង់ដារបច្ចេកទេស និងកិច្ចសន្យា ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាអតិថិជនប្រើប្រាស់ទឹកស្អាតជាច្រើនឆ្នាំមកហើយ ។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ថូម៉ាក់ កន្លងមកជារឿយៗត្រូវបានប្រជាពលរដ្ឋដែលជាអតិថិជន បានរិះគន់ថា ទឹកស្អាតដែលចែកចាយក្នុងក្រុងប៉ៃលិនជាច្រើនឆ្នាំមកនេះ មិនមានអនាម័យ តាមស្តង់ដារ ដែលធ្វើឱ្យប៉ះពាល់ដល់ សុខ ភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះទឹកម្តងល្អក់ ម្តងថ្លាជាពិសេសឱ្យតែពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកស្អាត នឹង ប្រែទៅជាពណ៌ក្រហម និងនៅរដូវប្រាំងគឺដាច់ទឹកតែម្តង ហើយពេលដែលសួរទៅក្រុមហ៊ុន ខាងក្រុមហ៊ុនតែងតែ មាន ហេតុផលដោះសារជានិច្ច ប៉ុន្តែស្ថានភាពទឹកស្អាតនៅតែដដែលៗ មិនមានអ្វីប្រែប្រួលសោះ៕