More

    ពលរដ្ឋរស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុងអាម៉េ១ខ្សែ ប្រវែង១៣០ម៉ែត្រ ក្រោយបញ្ចប់គម្រោងដេញថ្លៃដោយរលូន

    spot_img

    (ព្រះសីហនុ)៖ ប្រជាពលរដ្ឋរស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុងអាម៉េ ១ខ្សែប្រវែង១៣០ម៉ែត្រ ជាគម្រោងមូលនិធិឃុំ/សង្កាត់ ឆ្នាំ២០២៤ ដែលបានបើកកម្មពិធីដេញថ្លៃរួចរាល់ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសង្កាត់លេខ៤។

    ក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃមានការដឹកនាំសម្របសម្រួលដោយលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ, លោក ឈាង រិទ្ធីយ៉ា ចៅសង្កាត់រងទី១ និងមានការចូលរួមពីក្រុមការងារ បច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនទទួលការសាងសង់ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូនស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព។

    បន្ទាប់ពីមានការបើកសំណើរដេញថ្លៃប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចខាងក្រោម៖
    ផ្លូវបេតុងអាម៉េ១ខ្សែ មានប្រវែង១៣០ម៉ែត្រ ទទឹង៨,២៥ម៉ែត្រ កម្រោស់ ០,២ម៉ែត្រ តម្លៃប៉ាន់ស្មាន១៥០,៤៦៦,០០០រៀល ក្រោយដាក់សំណើរដេញថ្លៃ គម្រោងបានទៅលើក្រុមហ៊ុន រុន ស្រីហ៊ុច ចុះ៣៦,៩៦ភាគរយ ក្នុងនោះមានក្រុមហ៊ុនចំនួន៦ បានចូលរួមដេញថ្លៃ។

    ក្រោយបញ្ចប់កម្មពិធីបើកសំណើរ នាយកទីចាត់ការ ផែនការវិនិយោគខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២៤ បានដាក់ឱ្យដំណើរការដេញថ្លៃជាបន្តបន្ទាប់តាមបណ្តាឃុំ សង្កាត់នៅទូទាំងខេត្តព្រះសីហនុ ហើយក៏បានបញ្ចប់គម្រោង និងទទួលបានសមទ្ធផលផ្លូវបេតុងជាច្រើនខ្សែរផងដែរនាពេលកន្លងមក។

    លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឱ្យក្រុមហ៊ុនដែលទទួលបានគម្រោងត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារប្លង់ដែលបានកំណត់ ដើម្បីឱ្យជាប់ល្អ និងប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង និងសូមឱ្យអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ត្រូវដោះស្រាយផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឱ្យដំណើរការនៃការស្ថាបនាផ្លូវបានរលូនលឿន និងឆាប់បានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បានទាន់ពេលវេលាផដែរ។

    លោក ឈាង រិទ្ធីយ៉ា បានលើកឡើងថា ឆ្នាំ២០២៣កន្លងទៅ ក្នុងភូមិ៥ សង្កាត់លេខ៤ទទួលផ្លូវបេតុងប្រវែង៧៨២ម៉ែត្រ ហើយក្នុងឆ្នាំ២០២៤នេះទទួលបាន៣គម្រោង ទី១ស្ថិតក្នុងភូមិ១ ទី២ក្នុងភូមិ២ ហើយនិងទី៣ ចំណែកឯថវិការដែលនៅសេសសល់គឺយកមកសាងសង់បន្តនៅភូមិ៥ ក្នុងនោះបន្ទាប់ពីការដាក់ដេញថ្លៃរួចរាល់ គណកម្មលទ្ធកម្មទុកពេលវេលារយៈពេល៤៥ថ្ងៃដើម្បីឲ្យក្រុមហ៊ុនត្រៀមលក្ខណៈធ្វើការសាងសង់។

    លោកបន្តថាពិតណាស់ពេលគម្រោងចាប់ផ្តើមប្រាកដជាប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋដោយគេចមិនផុត ប៉ុន្តែក្នុងនាមលោកជាប្រធានក្រុមលទ្ធកម្មឃុំ លោកនឹងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋពីផលប៉ះពាល់មិនឱ្យមានការអាក់អន់ចិត្ត ដើម្បីទទួលបានផ្លូវស្អាត ងាយស្រួលក្នុងធ្វើដំណើរ កាពិតណាស់យើងត្រូវលះបង់នូវផលដំណាំបន្តិចបន្តួច បង្គោលថ្មរបង និងការប៉ះពាល់នានាទាំងអស់គ្នាដែលមានការប៉ះពាល់។

    ដើម្បីជាការឆ្លើយតប និងផ្តល់សេចក្តីទុកចិត្តដល់គណកម្មលទ្ធកម្ម ម្ចាស់ក្រុមហ៊ុន រុន ស្រីហ៊ុន ដែលទទួលបានគម្រោង បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន៕

    spot_img

    អត្ថបទទាក់ទង

    spot_img