More

    ដីជាង២០ហិចតា នៅខណ្ឌព្រែកព្នៅ តើមួយណាជាម្ចាស់ដីពិតប្រាកដ ខណៈដែលភាគីម្ខាងៗមានហេតុផលសំអាងរៀងៗខ្លួន

    spot_img

    ភ្នំពេញ៖ ផ្ទៃដីជាង២០ហិចតា ស្ថិតនៅម្តុំត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងត្រូវបានចាក់ដីយ៉ាងគគ្រឹកគគ្រេង ដោយរថយន្តធនធំរាប់រយឡាន តែរកម្ចាស់ពិតប្រាកដពុំទាន់ឃើញឡើយ ព្រោះកំពុងស្ថិតក្នុងភាពចម្រូងចម្រាស ដោយមានការដណ្តើមគ្នា សំអាងលើឯកសារ និងហេតុផលរៀងៗខ្លួន។
    បើយោងលោកស្រី ឈិន សុគន្ធារី ដែលបានសំណូមពរឲ្យសារព័ត៌មានជួយផ្សាយ បានប្រាប់បណ្តាញសារព័ត៌មានថា លោកស្រីមានលិខិត ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សុំកិច្ចអន្តរាគមពីថ្នាក់ដឹកនាំធំៗគ្រប់ជាន់ថ្នាក់ ដើម្បីទាប់ស្កាត់ ហាមឃាត់ បុគ្គល ចំនួន៤រូប គឺ ឈ្មោះ ស៊ុយ និមល, ស៊ីវ វុទ្ធី, ជា ដារ៉ា និង ឃុន ហួង មិនអោយធ្វើសកម្មភាពអ្វីទាំងអស់នៅលើដីធ្លីខាងលើនេះឡើយ ព្រោះដីនេះមានលិខិតរក្សាការពារត្រឹមត្រូវ ស្របតាមច្បាប់។ អ្នកស្រីបានបញ្ជាក់ថា ទោះមានការហាមឃាត់ក៏ដោយ បុគ្គលទាំងបួននាក់ខាងលើនេះ នៅតែបំពានដដែលម្តងហើយម្តងទៀត ជាក់ស្តែងបែរជាដឹកនាំគ្រឿងចក្រ និងឡានធំៗដឹកដី ដឹកថ្ម ចូលចាក់ដីលុបលើស្រះទឹកចិញ្ចឹមត្រីយ៉ាងតក់ក្រហល់បំផុត។
    លោកស្រី ឈិន សុគន្ធារី បានប្រាប់អ្នកសារព័ត៌មានបន្ថែមទៀត ដោយមានចម្ងល់ថា ហេតុអ្វីបានជាសាលារាជធានីភ្នំពេញ ពន្លឿននូវសកម្មភាពរឹបអូសយកដីលោកស្រី ដោយមិនគិតពីនីតិវិធីច្បាប់ សូម្បីតែលិខិតណែនាំរបស់ក្រសួងមហាផ្ទៃ ក៏មិនគោរពដែរ ថែមទាំងពួកគាត់ទាំងនោះក្លែងឯកសារថែមទៀត។ លោកស្រីសំណូមពរឲ្យថ្នាក់លើ មេត្តាជួយពិនិត្យ និងដោះស្រាយបញ្ហានេះ ឲ្យបានតម្លាភាព។
    ជាមួយគ្នានេះ បើតាមការលើកឡើងរបស់បុរសម្នាក់ ដែលជាអ្នកជួលទីតាំងដីខាងលើ ដើម្បីចិញ្ចឹមត្រីបានឲ្យដឹងថា ទីតាំងកន្លែងនេះ ពួកគាត់បានឃើញ គេចាប់ផ្តើមធ្វើសកម្មភាពចាក់ដីយ៉ាងគំហុក ហើយហ៊ានប្រើកងកម្លាំងការពារថែមទៀត ហើយការចាក់ដីនោះ វាបានធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ពួកគាត់ ដូច្នេះគាត់សុំឲ្យអាជ្ញាធរមេត្តាយោគយល់ផង។
    ទាក់ទងនឹងបញ្ហាវិវាទដីធ្លីផ្ទៃដីប្រមាណ២០ហិចតានេះ សារព័ត៌មានរបស់យើង មិនទាន់អាចសុំការបំភ្លឺពីភាគីឈ្មោះ ស៊ុយ និមល, ឈ្មោះ ស៊ីវ វុទ្ធី, ឈ្មោះ ជា ដារ៉ា និង ឈ្មោះ ឃុន ហួង បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយសារមិនមានប្រភពទំនាក់ទំនង។ តែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលើកឡើងរបស់ភាគីម្ខាងតែប៉ុណ្ណោះ អង្គភាពយើងនឹងព្យាយាមស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធបន្ថែមទៀតជូនមហាជន៕

    spot_img

    អត្ថបទទាក់ទង

    spot_img