(បាត់ដំបង) នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកបាណន់ បានចុះអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្តីពីការចុះរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ នូវដីចំណីស្ទឹង ដែលជាអតីតដីរបស់វត្តបាយដំរាំ ស្ថិតក្នុងភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានអោយដឹងថា ដោយយោងតាមការស្នើសុំរបស់លោក អាចារ្យ គណៈកម្មការវត្តបាយដំរាំ ជាបន្តបន្ទាប់ក្នុងការយកទីតាំងផ្សារបាយដំរាំនេះ ដើម្បីធ្វើជាសួន សាលាដំណាក់ និងជណ្ដើរចុះស្ទឹងវិញ ក៏មានការឯកភាពគ្នាជាបន្តបន្ទាប់ពីលោកមេភូមិ មេឃុំ និងស្រុក និងដាក់លិខិតបញ្ជូនទៅខេត្ត រហូតកោះហៅប្រជុំរួមគ្នានៅលើកំណត់ហេតុសម្រេចរុះរើ ហើយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានចេញ ស.ជ.ណ.អោយរដ្ឋបាលស្រុកធ្វើលិខិតជូនដំណឹងមួយទៀតជូនដល់បងប្អូនអាជីវករដែលមានតូប រានលក់ដូរនៅកន្លែងនេះ អោយធ្វើការរុះរើដើម្បីដោះស្រាយយកដីជូនព្រះសង្ឃ ជាដីសាធារណៈវិញ ដោយអោយពួកគាត់ទៅលក់នៅផ្សារថ្មី ដែលមានទីតាំងឆ្ងាយពីកន្លែងចាស់ចំងាយ ២០០ម៉ែត្រ។
លោកបន្តថា រដ្ឋបាលស្រុកថ្ងៃនេះត្រូវតែចុះអនុវត្តដើម្បីយកទីតាំងនេះ ធ្វើជាទីតាំងសួនច្បារសាធារណៈសម្រាប់អោយភ្ញៀវទេសចរមើលជ្រឹងទីមួយ និងទីពីរកាត់បន្ថយបញ្ហាអនាម័យបរិស្ថានកន្លែងនេះ ហើយការចុះអនុវត្តថ្ងៃនេះ គឺបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកបានឯកភាពអោយចុះអនុវត្ត ហើយត្រូវតែធ្វើអោយហើយ មិនត្រូវទុកបន្តទៀតទេ ពីព្រោះគាត់បានស្នើសុំម្តងហើយ ម្តងទៀត ម្តងហើយ ម្តងទៀត មិនចប់នោះទេ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងការចុះអនុវត្តនេះដែរ បងប្អូនអាជីវករទាំងអស់បានចូលរួមរុះរើដោយខ្លួនឯង ហើយកម្លាំងសមត្ថកិច្ចបានជួយសែងលើកដាក់លើរទេះ ឬគោយន្ត ហើយក្នុងនោះលោកក៏សូមអរគុណដល់អាជីវករទាំងអស់ដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរថ្ងៃនេះ ហើយក៏សូមអំពាវនាវអោយបងប្អូនជាអាជីវករទាំងអស់អញ្ជើញរកទីតាំងលក់ដូរសមស្រប កុំលក់នៅលើផ្លូវសាធារណៈ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ