(ឧត្តរមានជ័យ)នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣នេះរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រើឡានទឹកចំនួនពីរគ្រឿង របស់ស្នងការខេត្តដើម្បីបាញ់លាងសម្អាតអនាម័យជុំវិញ បរិវេណវិមានឯករាជ្យដើម្បីដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្តរៀបចំ ធ្វើពិធីទិវាបុណ្យឯករាជ្យជាតិនៅព្រឹកស្អែកនេះ។
លោកផុនចាន់និលអភិបាលក្រុងសំរោង បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣ថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្ដមប៉ែនកុសល្យអភិបាលខេត្តបានសហការជាមួយរដ្ឋបាលក្រុង អាជ្ញាធរពាក់ព័ន្ធ ធ្វើការសម្អាតអនាម័យជុំវិញ ទីធ្លាមុខសួនច្បារបរិវេណមុខសាលាខេត្តក៏ដូចជា ទីតាំងវិមានឯករាជ្យដែលនឹង ត្រូវរៀបចំកម្មពិធី បុណ្យឯករាជ្យជាតិ នៅព្រឹក ស្អែកនេះ ជាក់ស្ដែង កម្លាំងនគរបាល បង្ការនិងពន្លត់អគ្គិភ័យបានយកឡានទឹកចំនួនពីរគ្រឿងបាញ់លាងសម្អាតដីនឹងសម្រាមដែលនៅសេសសល់។
ជាក់ស្តែងក្នុងនោះដែរក៏មានការ អញ្ជើញចូលរួមពី មន្ត្រីរបស់សាលាខេត្តក៏ដូចជា រដ្ធបាលក្រុងសំរោង សិស្សានុសិស្ស ជាច្រើននាក់ចូលរួមធ្វើការបោសសម្អាត ដើម្បីឲ្យមានសោភ័ណភាព ស្រស់បំព្រងខណៈដែលទីតាំង សួនច្បារ ដូចជាបរិវេណវិមានឯករាជ្យនេះ នៅបន្សល់ទុក សំរាមដែលបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តកាលពីកំឡុង ថ្ងៃអុំទូក រយៈពេលពីរថ្ងៃកន្លងមក។
សូមជម្រាបថា ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោយពីមានពិធីបុណ្យផ្សេងៗតែងតែ មានការយកចិត្តទុកដាក់ផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត ចាត់ចែងឲ្យមន្ត្រីសហការគ្នាចូលរួមធ្វើការអនាម័យសម្អាតជាប្រចាំ នៅជុំវិញបរិវេណសួនច្បារនិងទីតាំងកន្លែងប្រារព្ធពិធី ជាពិសេសគឺការប្រមូលនិងទុកដាក់សំរាម ដើម្បី ឲ្យឡានដឹកយកទៅទីលាន ពីព្រោះទីកន្លែងប្រជុំជនសួនច្បារ នេះមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយមកដើរលេងកម្សាន្តនៅក្នុងក្រុងសំរោង មួយវិញទៀតនៅពេលល្ងាចមានបងប្អូនមកអង្គុយញាំអីជាលក្ខណ:គ្រួសារក៏ដូចជាដើរហាត់ប្រាណជាដើម។ឈឹម.កុសល។