ខេត្តកោះកុង៖ អាជ្ញាធរនិងមន្ត្រីរាជការខេត្តកោះកុង ប្រារព្ធពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ២០២៣) និងទិវាកំណើតនៃកងយោធ ពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯក ឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបរវេណស្តូប គោរពវិញ្ញានក្ខន្ធ ដែលមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការលោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហម កាយរិទ្ធ និងយុវជន ស.ស.យ.ក ខេត្ត សិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្ត្រដ៏មហានក្ខត្តឬក្សក្រៃលែងបំផុត ដែលប្រជាពល រដ្ឋកម្ពុជា ទូទាំងប្រទេសមានទឹកមុខស្រស់ប្រិមប្រិយ និងសេចក្តីសោមនស្សរីករាយឥតឧបមា។ ថ្ងៃនេះយើងទាំងអស់ គ្នាបានចូលរួមប្រារព្ធមីទ្ទីងខួបលើកទី ៧០ ដើម្បីរំលឹកទិវាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ នៃឯករាជ្យជាតិខ្មែរ ស្របពេលដែលប្រទេសជាតិយើង រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម ស្ថេរភាពនយោបាយពេញលេញ សំណើនសេដ្ឋ កិច្ចនិងមានការអភិវឌ្ឍ ជាបន្តបន្ទាប់រីកចម្រើនលើគ្រប់វិស័យ រួមទាំងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា
លោកជំទាវបានគូសបញ្ជាក់ថា សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងនាំមកឱ្យប្រជាពលរដ្ឋ កម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺ ពាសពេញសាកលលោក ៕ ដោយ ញុឹប សន