បន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការក្រោយឃាត់ខ្លួនពាក់ពន្ធ័ នឹងគ្រឿងញៀនជាង២គីឡូក្រាម។ការបញ្ជូនខ្លួនបុរសខាងលើធ្វើឡើង បន្ទាប់ពីបញ្ជប់សន្និសិទ្ធិកាសែត ក្រោមវត្តមានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមយការសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០។
លើកឡើងក្នុងសន្និសិទ្ធិកាសែត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា កម្លាំងអាវុធហត្ថធ្វើការ ពួនស្ទាក់ឃាត់រថយន្តមួយគ្រឿង ដែលចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ ដែលសង្ស័យនឹង បានឃាត់ខ្លួនបុរសម្នាក់ជាមុខសញ្ញាល្មើសនៅវេលាម៉ោង ១០ និង៣៥ នាទីថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចភូមិចក្រី ឃុំជប់វ៉ារី ស្រុកប្រនេតព្រះ ។បុរសដែលសង្ស័យមានឈ្មោះ គឹម ហួត ភេទប្រុសអាយុ៣៧ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតរស់នៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់លាបស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្រោយឃាត់ខ្លួនកំលាំងអាវុធហត្ថ បានដកហូតសម្ភារៈ និងភស្តុតាងបានមួយចំនួនមានគ្រឿងញៀន មេតំហ្វេតាមីនទឹកកកម្សៅក្រាមពណ៌សថ្លាចំនួន ២ កញ្ចប់ធំទម្ងន់ស្មើនឹង ២.០៦៤ក្រាម រថយន្ត១គ្រឿងម៉ាកតូយ៉ូតាកូរ៉ូឡាពណ៌ប្រផេះខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E 3600 ទូរស័ព្ទចំនួន ២ គ្រឿង និងរបស់ពាក់ព័ន្ធជាច្រើនទៀត។
នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យ បានសារភាពថា គ្រឿងញៀនទាំងអស់នេះ រូបគេគ្រាន់តែជាអ្នកស៊ីឈ្នួលកាន់ យកទៅឲ្យគេប៉ុណ្ណោះ ដោយក្នុងមួយជើងទទួលបានលុយឈ្នួល១៥០០ដុល្លា នេះជាលើកទីពីរហើយ។
មហាជនបានធ្វើការសាទរ និងកោតសរសើរ ដល់កម្លាំងអាវុធហត្ថខេត្តមួយនេះ ដែលប្រតិបត្តិការបង្ក្រាបបានជនសង្ស័យ និងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់។ ប្រសិនបង្ក្រាបមិនបាន គ្រឿងញៀនជាងពីរគីឡូក្រាមនេះ នឹងធ្លាក់ដល់ដៃអ្នកចែកចាយ មិនដឹងជាមាននាក់អ្នករងគ្រោះប៉ុន្មាននោះទេ៕ រូបភាព និងអត្ថបទ៖ សន សុង