ភ្នំពេញ: នារីរូបស្រស់ជនជាតិចិនម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយស្តារិច មួយគ្រឿងជ្រុលបុកបង្កាន់ដៃស្ពានអាកាស៧មករាពេញទំហឹងរួមនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី កាលពីវេលាម៉ោង១និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែតុលាឆ្នាំ២០២១នៅចំណុចគល់ស្ពានអាកាស៧ មករាខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ជនជាតិចិនម្នាក់បើករថយន្តហុីយ៉ាន់ដាយស្តារិចមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX-6285ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទៅដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរាបដល់ដី ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង ចំណែកអ្នកបើកបរកៀបជាប់ក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ច ជួយសង្គ្រោះរួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់វត្តទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់