More

    ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ប្រជុំបូកសរុបការងារឆមាសទី១

    spot_img

    ប៉ៃលិន៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំរោងកុនខេត្តប៉ៃលិន ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

    ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងប្រភេទ នាយក នាយករងទីចាត់ការចំណុះរដ្ឋបាលខេត្ត គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។

    មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន បានធ្វើការបូកសរុបលទ្ធផលការងារឆមាសទី១ និងបានដាក់ចេញផែនការសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន មានជាអាទិ៍ ៖ បន្តអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ស្នើដល់សមាជិក និងក្រុមការងារនីមួយៗអនុវត្តការងារឱ្យមានប្រសិទ្ធភាព បន្តចុះតាមមូលដ្ឋានជាប្រចាំ ដើម្បីក្តាប់បញ្ហាទាំងអស់តាមមុខសញ្ញានិមួយៗ ពន្យល់ណែនាំឱ្យប្រជាពលរដ្ឋបន្តរស់នៅ ដោយប្រុងប្រយ័ត្នកុំធ្វេសប្រហែស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចុះពិនិត្យជាក់ស្តែង តាមដានគាំទ្រ និងជម្រុញសកម្មភាព ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

    ម្យ៉ាងទៀតដោះស្រាយបញ្ហាប្រឈម ដែលកើតមានតាមមូលដ្ឋានមានជាអាទិ៍ សេវាសាធារណៈ សេវាតម្រូវការ និងសេវាចាំបាច់ បន្តតាមដានការអនុវត្តរបស់មន្ត្រីលើគោលនយោបាយ របស់រាជរដ្ឋាភិបាលដល់ថ្នាក់ក្រោមជាតិ បន្តធ្វើរបាយការណ៍ជាប់ជាប្រចាំគ្រប់សកម្មភាព រួមទាំងសមាសភាពគាំទ្រ ដើម្បីក្តាប់សភាពការណ៍ ជាក់ស្តែងតាមវិធានការត្រឹមត្រូវ និងមានប្រសិទ្ធភាព។

    ឯកឧត្តមបន្តថា មន្រ្តីរបស់យើង ត្រូវចេះហ៊ាននិយាយត្រង់ៗ មិនលាក់លៀម និងមិនត្រូវធ្វើជាមន្រ្តីឡេមឡឺម ត្រូវចេះដឹងគុណបំណាច់ដ៏ធំធេង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលហ៊ានយកអាយុជីវិត ធ្វើជាដើមទុនប្តូរយកសន្តិភាព ដើម្បីប្រទេសជាតិ និងប្រជាជន មានការអភិវឌ្ឍន៍រីកចម្រើនលើ គ្រប់វិស័យមកដល់បច្ចុប្បន្ននេះ។ ហើយយើងត្រូវធ្វើការងារដោយភាពស្មោះត្រង់ និងទទួលខុសត្រូវ ធ្វើតាមសភាពការណ៍ជាក់ស្តែង ក្នុងប្រតិបត្តិការត្រូវអនុវត្តតាមនយោបាយឈ្នះ-ឈ្នះ របស់រាជរាដ្ឋាភិបាល។ ក្រុមការងារថ្នាក់ជាតិ និងអ្នកមូលដ្ឋានត្រូវសហការជាមួយគ្នាអនុវត្តទិសដៅ ដែលរាជរដ្ឋាភិបាល បានណែនាំឱ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍ រួមដល់ប្រជាជន និងប្រទេសជាតិរបស់យើង។

    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានធ្វើការកោតសរសើរ ចំពោះការចូលរួមចំណែក របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ដែលបានចូលរួមធ្វើយុទ្ធនា ការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់យើងក្នុងមូលដ្ឋានទូទាំងខេត្ត ក្នុងរយៈពេល នៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ពាសពេញពិភពលោក និងបន្តចុះយុទ្ធនាការមកដល់បច្ចុប្បន្នផងដែរ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img