More

    សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ស្លៀកពាក់ឯកសណ្ឋានក្លែងក្លាយ ជានគរបាល ដើម្បីឆ្លងកាត់គោលដៅត្រួតពិនិត្យ

    spot_img

    កណ្ដាល៖ សេចក្តីរាយការណ៍មួយបានឲ្យដឹងថា កាល ពីម៉ោង៥នឹង៣០នាទី ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី គ្រងឯកសណ្ឋានក្លែងធ្វើជាមន្ត្រីនគរបាលជាតិ ដែលជាល្បិចងាយស្រួលក្នុងការឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចក្នុងការអនុវត្តនូវវិធានបំរាមគោចរ ។

    អ្នកក្លែងបន្លំនោះមានឈ្មោះ​ រ៉េត​ បញ្ញា​ អាយុ ២៦ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិ ក្រាំង​ធ្មៃ​​ ឃុំ​គោកត្រប់​ ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល។

    ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថានៅវេលាម៉ោងខាងលើ បុរសរូបនោះ បានធ្វើដំណើរដោយជិះម៉ូតូ១គ្រឿង ក្នុងសម្លៀកបំពាក់ឯកសណ្ឋានជានគរបាលជាតិ ចេញ​ពី​ផ្ទះ​របស់​ខ្លួន ដើម្បី​ទៅ​ផ្ទះ​របស់​ឈ្មោះ​ ម៉ៅ​ ស្ថិត​នៅ​ភូមិ​​ ព្រែក​អង្គុញ​ ឃុំ​សៀមរាប​ ស្រុកកណ្តាលស្ទឹង ។ លុះជិះ​ទៅជិតផ្ទះរបស់ម៉ៅ​ ជនខាងលើបាន​ឆ្លង​កាត់​គោលដៅ​របស់​ប្រជាការពារ ដែលកន្លែងត្រួតពិនិត្យដើម្បីបង្ការការរីករាលដាល និងប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩​ របស់ភូមិ​ព្រែក​អង្គុញ​ ​ពេលនោះ​ក៏ត្រូវកម្លាំង​ប្រជាការពារ​ឃាត់ធ្វើការសួរនាំ ។

    ដោយមានការ​សង្ស័យ​កម្លាំង​ប្រជាការពារ បានទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​សៀមរាប ដើម្បីឲ្យដឹងពីសកម្មភាព និងទង្វើដែលជននេះបានប្រព្រឹត្តមកលើកម្លាំងកំពុងអនុវត្តនូវផែនការការពារ និង រាំងខ្ទប់ផលប៉ះពាល់ជំងឺរាតត្បាតវីរុសកូវី-១៩ ។

    ខណៈនោះកម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំសៀម រាប​បាន​ចុះទៅដល់​ និងបានឃាត់ខ្លួនបុរសនេះយកទៅសាកសួរ​នៅនគរបាលប៉ុស្តិ៍ ទើបដឹងថាជាជនក្លែងបន្លំគ្រងឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ ដើម្បីងាយស្រួលក្នុងការឆ្លងកាត់ និងបំលាស់ទីពីភូមិមួយទៅភូមិមួយ ពីកន្លែងមួយទៅកន្លែងមួយ ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្ត ក្នុងអំពើដែលខុសនឹងច្បាប់ហាមឃាត់ ។

    ជាក់ស្តែងក្រៅពីគ្រងឯកសណ្ឋានសម្លៀកបំពាក់ក្លែងជាមន្ត្រីនគរបាលជាតិ ជននេះត្រូវបានសមត្ថកិច្ចរកឃើញមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន ពោលគឺប្រើប្រាស់គ្រឿងញៀនទៀតផង។

    បច្ចុប្បន្នបុរសរូបនេះ និងវត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍សៀមរាប នាំខ្លួនទៅកាន់​អធិការ​ដ្ឋាន​នគរបាលស្រុកកណ្តាលស្ទឹងដេីម្បីបន្តនីតិវិធី ៕អត្ថបទនិងរូបភាព ឆាយ តារា

    spot_img

    អត្ថបទទាក់ទង

    spot_img