More

    អភិបាលខេត្តប៉ៃលិន  ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ សង្ស័យពុលបង្អែម ក្នុងពិធីមង្គលការ

    spot_img

    ប៉ៃលិន៖ ក្រោយពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋជាច្រើននាក់ មកពីច្រើនភូមិទទួល រងនូវការពុលម្ហូបអាហារ បណ្តាលឱ្យរាគរុស ក្អួតចង្អោរ បន្ទាប់ពីពួកគេបានហូបបង្អែម នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង នៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយត្រូវបានគេដឹក បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាព និងសម្រាកព្យាបាល នៅក្នុងគ្លីនិកឯកជនក្បែរៗនោះ។

    រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងជួបសំណេះសំណាលផងដែរ។

    សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋជាច្រើននាក់ មកពីច្រើនភូមិ ដែលកើតមានបញ្ហារាគរុស ក្អួតចង្អោរ សង្ស័យពុលបង្អែម នៅក្នុងរោងការមួយក្នុងភូមិព្រៃសន្ទះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃសន្ទះ ភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម ភូមិភ្នំព្រាល ភូមិកូនដំរី ភូមិដីស ភូមិផ្ទះស្បូវ ភូមិអូរគន្ធៀងវ៉ា និងភូមិផ្សេងៗ ជាច្រើ នទៀត សរុបចំនួន៦៥នាក់។

    ប្រភពព័ត៌មានបានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ អ្នកភូមិបានរៀបចំអាពាហ៍ពិពាហ៍ កូនប្រុសកូនស្រីរបស់ខ្លួន ដោយចាប់ផ្តើម អញ្ជើញឱ្យភ្ញៀវហូបអាហារ ចាប់ពីវេលាម៉ោង៦យប់ រហូតដល់ម៉ោងប្រហែល១០យប់ លុះក្រោយពីហូបអាហាររួចជាបណ្តើរៗ ក្រុមអ្នករត់តុ បានលើកបង្អែម ពីកន្លែងចុងភៅ យកទៅដាក់ជូនឱ្យភ្ញៀវពិសា។ ពេលនោះ អ្នកខ្លះហូបនៅនឹងកន្លែងកម្មវិធី ខ្លះវេចខ្ចប់យកទៅផ្ញើអ្នកផ្ទះ ឪពុកម្តាយ កូនចៅ ។ លុះគេនាំគ្នាហូបរួច ស្រាប់តែម្នាក់ៗ មានអាការ:ឈឺក្បាល វិលមុខ ក្អួតចង្អោរ និងរាគរុស បង្កឱ្យមានការភ្ញាក់ផ្អើល រហូតដល់គេប្រញាប់នាំគ្នា ដឹកយកទៅសម្រាកនៅគ្លីនិកឯកជន ក្នុងឃុំស្ទឹងត្រង់ និងមណ្ឌលសុខភាពទាំងយប់តែម្តង។ ប្រភពបន្តទៀត ថា ក្រោយពីទទួលបាននូវដំណឹងពុលអាហារបែបនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ និងធ្វើការពិនិត្យមើលកន្លែងសម្រាកព្យាបាល ព្រមទាំងចាត់មន្រ្តីឱ្យសួរនាំ នៅកន្លែងរោងការខាងលើផងដែរ។

    លោកជំទាវ អភិបាលខេត្ត ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាអនាម័យម្ហូប អាហារ លាងបន្លែនឹងទឹកស្អាត ព្រមទាំងរស់នៅស្អាត ហូបស្អាត ដើម្បីសុខភាពល្អ ដោយការពារប្រ សើរជាងព្យាបាល។ លើសពីនេះ លោកជំទាវអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ឱ្យជនរងគ្រោះទាំងអស់ ត្រូវតែរក្សាការពារខ្លួនពីជម្ងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាសជាប្រចាំ លាងដៃនឹងទឹកអាល់កុល ឬជែល រក្សាគម្លាតពីគ្នាឱ្យបាន១ម៉ែត្រកន្លះ។

    ម្យ៉ាងវិញទៀត បើសិនជាមានករណីសង្ស័យថា កើតជម្ងឺកូវីដ១៩ ដ៏កាចសាហាវនេះ ត្រូវតែទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីប្រញាប់យកអ្នកជម្ងឺទៅពិនិត្យព្យាបាល ឱ្យបានទាន់ពេលវេលា ជៀសវាងបន្តការឆ្លងរីករាលដាល នៅក្នុងសហគមន៍៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img