
បន្ទាយមានជ័យ៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីសម្លាប់ឳពុកខ្លួនឯង ហើយរត់គេចខ្លួនបាន១ថ្ងៃ។ ការឃាត់ខ្លួនឃាតករឈាមត្រជាក់នេះ ធ្វើឡើងនៅម៉ោងប្រហែល១និង៤៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំចុះស្រាវជ្រាវ ស្វែងរកជនដៃដល់ ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលការិយាល័យកណ្តាលព្រម្មទណ្ឌ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ថន ធួន ភេទប្រុស អាយុ ៣៥ឆ្នាំ ចំណែកជនរងគ្រោះជាឳពុក នូវ ថន អាយុ ៥៨ ឆ្នាំ ទីលំនៅ នៅភូមិ គោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ជនសង្ស័យបាន ធ្វើវាយនឹងដំបង សម្លាប់ឳពុកបង្កើតខ្លួនឯង រួចបានរត់គេចខ្លួន បាន១ថ្ងៃ ទៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នគរបាលបញ្ជាក់ដែរថា តាមការសាកសួរ ជនសង្ស័យបានឆ្លើយថា ខ្លួនសម្លាប់ឳពុកខ្លួនឯង ព្រោះខឹងទូរស័ព្ទចូលឳពុកមិនទទួល។
ក្នុងករណីនេះដែល មហាជនបានថ្លែងកោត សរសើរ ដល់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្ដិសុខ ជូនដល់ បងប្អូនប្រជាពលរដ្ឋ ហើយក៏សូមកោតសរសើរដោយស្មោះ ចំពោះកងកម្លាំង ដែលដឹកនាំដោយ លោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ដែលបានខិតខំ ស្រាវជ្រាវ ស្វែងរកមុខជនល្មើស ដែលជាកូនអកតញូ ហ៊ានលើកដៃ សម្លាប់អ្នកមានគុណ ដែលបានចិញ្ចឹមបាច់បីថែរក្សាតាំងពីតូច រហូតដល់ធំពេញវ័យ បែរជាហ៊ានលើកដៃ សម្លាប់ឪពុកខ្លួនឯងដូច្នេះ៕ រូបភាព និងអត្ថបទ៖ សន សុង