More

    ប្រជាពលរដ្ឋរិះគន់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តត្រពាំងក្រហម ខេត្តរតនគិរី ដែលព្រលែងរថយន្តដឹកលើសចំណុះ

    spot_img

    រតនគិរី៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ៧៨ ត្រង់ចំណុចឃុំត្រពាំងក្រហម ស្រុកកូនមុំ នៃខេត្តរតនគិរី បាននាំគ្នារិះគន់លើអ្នកគ្រប់គ្រង ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រពាំងក្រហម ដែលបណ្តោយឲ្យរថយន្តដឹកលើសចំណុះ អាចធ្វើចរាចរណ៍បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ផាកពិន័យ ឬបញ្ជាឲ្យកាយទំនិញចេញឡើយ ធ្វើឲ្យការត្រួតពិនិត្យទម្ងន់រថយន្តនេះ ក្លាយទៅជារឿងអត់ប្រយោជន៍ ព្រោះថារកឃើញរថយន្តផ្ទុកលើសទម្ងន់ហើយ នៅមិនអនុវត្តច្បាប់ថែមទៀត។

    តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ គេបានប្រទះឃើញរថយន្តធន់ធំភ្លៅ៥ចំនួនពីរគ្រឿង បានដឹកថ្មម៉ាបចេញពីស្រុកលំផាត់ខេត្តរតនគិរី ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ដោយដឹកលើសចំណុះនៃ ទម្ងន់ផ្ទុករហូតជាង៦តោនដូចៗគ្នា ពោលគឺជាង៤៦តោន ក្នុង១រថយន្ត ខណៈដែលទម្ងន់អនុញ្ញាតិសម្រាប់រថយន្តភ្លៅ៥នេះ គឺត្រឹមតែ៤០តោន តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ មន្ត្រីគ្រប់គ្រងជញ្ជីង មិនបានឲ្យកាយចេញ ឬទម្លាក់ថ្មចុះឡើយ គឺព្រលែងឲ្យទៅតែម្តង ដែលជារឿងធ្វើឲ្យពលរដ្ឋ រិះគន់ថាស្ថានីយជញ្ជីងនេះ ដាក់ដូចជាអត់ដដែល ធ្វើឲ្យរថយន្តដឹកលើសចំណុះ អាចចរាចរណ៍បានដដែល ប្រឈមនឹងការបំផ្លាញផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ។

    បើតាមប្រភពច្បាស់ការមួយ ដែលចេញពីកន្លែងក្បែរជញ្ជីង បានឲ្យដឹងថា ជារឿយៗ ពួកគេតែងឃើញ មន្ត្រីនៅជញ្ជីងនោះឃាត់រថយន្តដឹកលើសទម្ងន់ដែរ តែបានត្រឹមឃាត់តែប៉ុណ្ណោះ ក៏ដោះលែងវិញ ក្រោយពេល អ្នកបើករថយន្ត និងអ្នករត់ការបានជជែកគ្នាស្ងាត់ៗមួយសន្ទុះ។

    ពាក់ព័ន្ធករណីនេះ លោក កែវ គឹមហ៊ាន ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត ត្រពាំងក្រហម បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទ ដោយទទួលស្គាល់ថា ពិតជាមានរថយន្តដឹកលើសទម្ងន់ផ្ទុក កាត់តាមផ្លូវខាងលើមែន លោកថានៅពេលរថយន្តដឹកលើសទម្ងន់ទាំងនោះ បើកចូលជញ្ជីងថ្លឹងរថយន្តម្តងៗ ពួកគាត់មានតែខាតបង់ចូលដើមរហូត ដោយសារត្រូវចេញលុយផ្ទាល់ខ្លួន បង់ប្រាក់ពិន័យជំនួសម្ចាស់រថយន្តថែមទៀត ព្រោះរថយន្តដែលដឹកលើសទម្ងន់ទាំងនោះ ភាគច្រើនគឺមានអ្នកអន្តរាគមន៍ពីខាងលើ មិនឲ្យផាកពិន័យលើទំនិញឬឥវ៉ាន់ ដែលដឹកលើសទម្ងន់នោះឡើយ ទើបធ្វើឲ្យពួកគាត់ពិបាកធ្វើការ៕ រូបភាព និងអទ្ថបទ៖ ម៉ី ឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img