More

    អភិបាលខេត្តប៉ៃលិនរៀបចំដាក់ ឧបករណ៍ហាត់ប្រាណ១៥ឈុត នៅសួនច្បារដើម្បីទុកឲ្យពលរដ្ឋប្រើប្រាស់

    spot_img

    ប៉ៃលិន៖ ដើម្បីបង្កើតភាពទាក់ទាញ និងកាន់តែប្លែកភ្នែក ឲ្យចាប់អារម្មណ៍ខ្លាំងជាងមុន អភិបាលខេត្តប៉ៃលិន បានចាត់ឲ្យមានការដាក់ ឧបករណ៍ហាត់ប្រាណចំនួន១៥ឈុត នៅតាមទីធ្លាសួនកុមារ និងនៅកន្លែងស្តេចកន ដើម្បីទុកជូនពលរដ្ឋទូទៅ ប្រើប្រាស់ និងហាត់ប្រាណ ដើម្បីសុខភាពបានដោយសេរី។

    ការរៀបចំតម្លើងឧបករណ៍ សម្រាប់ធ្វើលំហាត់ប្រាណនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងនៅក្នុងភូមិអូរបេង ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន។

    ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍ថា ឧបករណ៍ហាត់ប្រាណ ដែលរៀបចំដាក់តាំងនៅលើសួនកុមារ និងនៅទីធ្លាស្តេចកននេះ មានចំនួន១៥ឈុត ដែលក្នុងនោះមានឧបករណ៍ សម្រាប់បង្វិលចង្កេះ បង្វិលចលនាដៃ ចលនាជើង ដើម្បីឱ្យសរសៃក្នុងរូបរាងកាយ មានដំណើរការស្រួល បញ្ចេញញើស បំបាត់ជាតិពុលគីមីមួយចំនួន ក្នុងខ្លួនផងដែរ។ ឯកឧត្តម បានបន្តទៀតថា អ្នកពិការដៃ ជើង ក៏អាចចូលហាត់ប្រាណបានដែរ ព្រោះមានឧបករណ៍ សម្រាប់យោលទៅមុខ យោលទៅក្រោយ ចំហៀង និងឡើងចុះបានមួយកំប្លេតែម្តង។

    លើសពីនេះ ឧបករណ៍ហាត់ប្រាណទាំងនេះ មានតម្លៃខ្ពស់គួរសមដែរ ដោយលោកជំទាវកុម្មង់ទិញ ដោយថវិកាផ្ទាល់ខ្លួន មកពីប្រទេសថៃ សម្រាប់ដាក់ឱ្យពុកម៉ែបងប្អូន សម្រាប់ទំនេរពីការងារនាពេលល្ងាចៗ ឬពេលណាក៏បានដែរ ដោយចូលមកលេងកម្សាន្ត នាំគ្នាហាត់ប្រាណ ដើម្បីសុខភាព ព្រោះបច្ចុប្បន្ននេះ យើងតែងជួបប្រទះនឹងបញ្ហាសុខភាព ឈឺចុករោយឆ្អឹងខ្នង ចង្កេះ បណ្តាលមកពីសារធាតុគីមីផ្សេងៗ ក្នុងខ្លួន។

    ឯកឧត្តម ក៏មានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន កុំភ្លេចនាំគ្នាទៅហាត់ប្រាណ ដោយឥតគិតថ្លៃ តែក៏សូមចូលរួម ថែរក្សាឧបករណ៍ទាំងនេះ ឱ្យបានគង់ វង្សឋិតឋេរយូរអង្វែង តកូនតចៅជំនាន់ក្រោយផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img