ទំព័រដើម ទំព័រដើម នគរបាលចរាចរណ៍ចុះរៀបចំ សណ្តាប់ធ្នាប់ផ្សារសាមគ្គី និងឲ្យពលរដ្ឋបើកបរឲ្យបានត្រឹមត្រូវ

នគរបាលចរាចរណ៍ចុះរៀបចំ សណ្តាប់ធ្នាប់ផ្សារសាមគ្គី និងឲ្យពលរដ្ឋបើកបរឲ្យបានត្រឹមត្រូវ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ កាលពីពេលថ្មីៗ កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:ខេត្តប៉ៃលិន បានណែនាំដល់មន្រ្តីជំនាញ ជាពិសេសលោកស្នងការនគរបាលខេត្ត ឱ្យយកចិត្តទុកដាក់ រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ផ្លូវចូលផ្សារសាមគ្គីហៅប៉ាហ៊ី ឱ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អ ពោលគឺណែនាំប្រជាពលរដ្ឋ ដែលបើកបរម៉ូតូ និងរថយន្តចេញចូលក្នុងផ្សារ ត្រូវតែគោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវជិះបញ្ច្រាស់ ឬចតរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់នោះឡើយ។ ទើបរហូតមកដល់វេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងនគរបាលស្នងការខេត្តប៉ៃលិន សហការជាមួយកម្លាំងអធិការ នគរបាលក្រុងប៉ៃលិន ចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់ប្រជាពលរដ្ឋតែម្តង។

បើតាមការរៀបរាប់ពីលោកវរសេនីយ៍ត្រី ប្រាក់ វិគុណ នាយរងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ក្រោយពីទទួលបាននូវបទបញ្ជា ពីស្នងការនគរបាលខេត្ត ខាងលោកក៏បានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្លូវចូលផ្សារប៉ាហ៊ី ដែលមានពីរកន្លែង គឺនៅច្រកចេញមួយក្រុម និងច្រកចូលមួយក្រុម ដើម្បីធ្វើការអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងពីការបើកបរម៉ូតូ រថយន្ត ត្រឹមត្រូវតាមស្លាកសញ្ញា។ លោកបន្តទៀតថា មុនពេលធ្វើការណែនាំ សង្កេតឃើញ ប្រជាពលរដ្ឋហាក់ដូចជា អត់មានការយល់ដឹង ពីច្បាប់ចរាចរណ៍នោះទេ ហើយខាងលោកក៏បានធ្វើការពន្យល់ ទើបម្នាក់ៗ សន្យាថា នឹងបើកបរឱ្យត្រឹមត្រូវតាមច្បាប់កំណត់ ដើម្បីការពារខ្លួនឯង និងអ្នកដទៃ។ លោកក៏បានណែនាំ ឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវពាក់មួកសុវត្ថិភាព ដើម្បីការពារខ្លួន ពេលមានបញ្ហាកើតឡើង កុំឱ្យប៉ះពាល់ក្បាលផងដែរ។

លោកបញ្ជាក់ថា ការដាក់ប៉ុស្តិ៍ធ្វើការអប់រំណែនាំ ដល់ប្រជាពលរដ្ឋនេះ គឺរយ:ពេល១សប្តាហ៍ ពេញ រួចក្រោយមកទើប សុំគោលការណ៍ថ្មីពីថ្នាក់លើ ដើម្បីធ្វើការផាកពិន័យ ចំពោះប្រជាពលរដ្ឋ ដែលល្មើសនឹងច្បាប់ចរាចរណ៍តែម្តង។ តែនៅពេលព្រឹកនេះ ការរៀបចំសណ្តាប់ធ្នាប់ ផ្លូវចូលផ្សារ គ្រាន់តែណែនាំម្តងហើយម្តងទៀត ដល់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងប៉ៃលិន ឱ្យគោរពច្បាប់ចរា ចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ព្រោះជារឿយៗតែងតែបុកប៉ះគ្នា ពេលបើកបញ្ច្រាស់ទិស។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីអភិបាលខេត្តប៉ៃលិន លោក ជំទាវ បានស្រីមុំ បានលើកឡើង នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្ត ដោយត្រូវឱ្យមន្រ្តីនៅតាមស្ថាប័នជំនាញ ជាពិសេសលោកស្នងការនគរបាលខេត្ត ត្រូវបញ្ជាឱ្យកូនចៅ ចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវចូលផ្សារ និងណែនាំប្រជាពលរដ្ឋឱ្យចតម៉ូតូ ឬរថយន្តនៅក្នុងបរិវេណផ្សារ ឱ្យមានរបៀបរៀបរយជៀសវាង បាត់បង់សោភ័ណភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុ៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម