ទំព័រដើម កំសាន្ត អាជ្ញាធរខេត្តប៉ៃលិនពង្រីកផ្លូវថ្មី ទៅកាន់ទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវ) ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខ

អាជ្ញាធរខេត្តប៉ៃលិនពង្រីកផ្លូវថ្មី ទៅកាន់ទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវ) ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ នៅដើមខែកុម្ភៈ ឆ្នាំ២០២១នេះ អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានចាត់ឱ្យមន្រ្តី នៃមន្ទីរជំនាញសាធារណៈការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រ ឈូសឆាយពង្រីកផ្លូវ ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ងាយស្រួល ក្នុងការធ្វើដំណើរទៅលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខឆាប់ៗនេះ ព្រោះរមណីយដ្ឋានធម្មជាតិមួយនេះ ជាកន្លែងដ៏ទាក់ទាញជាងគេបំផុត នៅក្នុងខេត្តប៉ៃលិន ដែលមានទេសភាពស្រស់បំព្រង ត្រជាក់ភ្នែក ទឹកជ្រោះហូរមិនឈប់ ខួបប្រាំងខួបវស្សា។

បើតាមមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបញ្ជាក់ថា ផ្លូវមុខខ្លោងទ្វារ ចូលទៅក្នុងរមណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ មានចម្ងាយប្រមាណជិត៣គីឡូម៉ែត្រ ពីមុនមានការលំបាក ក្នុងការធ្វើដំណើរចុះឡើងខ្លាំង ដោយសារមានថ្មរដិបរដុប ធ្វើឱ្យភ្ញៀវមួយចំនួន ពិបាកបើកបរឡាន ម៉ូតូ។តែបន្ទាប់ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បញ្ជាឱ្យខាងមន្ទីរជំនាញ ឈូសឆាយពង្រីក និងកែសម្រួល បច្ចុប្បន្នផ្លូវខាងលើ មានសភាពងាយស្រួល សម្រាប់ភ្ញៀវទេសចរណ៍ ធ្វើដំណើរបានយ៉ាងល្អ។

ជាមួយគ្នានេះ លោក សៀ សុខុម អនុប្រធានយុវជន ស.ស.យ.ក ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងដែរថា ទន្ទឹមនឹងការជួសជុលកែលម្អផ្លូវ ក្រួសក្រហមខាងលើនេះ ក្រុមការងារយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ក៏បាននាំគ្នា ចូលរួមជួយជួសជុល ផ្លូវជណ្តើរឡើង នៅកន្លែងលេងទឹកជ្រោះ ឱ្យបានស្អាតល្អ រឹងមាំឡើងវិញផងដែរ ដើម្បីការពារកុំឱ្យមានករណីគ្រោះថ្នាក់ ដល់ភ្ញៀវទេសចរណ៍ ចំណែកដំបូល ឬរោងសម្រាប់អង្គុយលេង ក៏ត្រូវបានជួសជុល និងកែលម្អថ្មីឡើងវិញដូចគ្នាដែរ។

លោកបានបញ្ជាក់ទៀតថា ការស្ថាបនាឡើងវិញនេះ គឺដើម្បីអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្ត ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខ ខណៈដែលរមនីយ៌ដ្ឋាន ទេសចរណ៍ធម្មជាតិមួយនេះ មានទេសភាពស្រស់ស្អាត៣៦ជាន់ និងមានទឹកធ្លាក់ហូរមិនចេះដាច់ គ្រប់រដូវប្រាំងវស្សា ដែលអាចឲ្យភ្ញៀវទេសចរណ៍ លំហែកាយ គយគន់ទេសភាព ទឹកជ្រោះជ្រលងដងអូរ បានយ៉ាងស្រស់ស្អាតបំផុត៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

  

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម