More

    កងវិស្វរកម្មរួមចំណែកជួយសាងសង់ ផ្លូវមេ៣៨ខ្សែក្នុងក្រុងសៀមរាប យ៉ាងយកចិត្តទុកដាក់

    spot_img

    សៀមរាប៖ បណ្តាញផ្សព្វផ្សាយ របស់រដ្ឋបាលខេត្តសៀមរាបបានបង្ហាញថា ផ្លូវទាំង៣៨ខ្សែនេះ ដែលកំពុងស្ថាបនា មានប្រវែងសរុប108.74គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុប ប្រមាណ140លានដុល្លារអាមេរិក និងថវិកាជាង9លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់។ គម្រោងផ្លូវទាំងនេះ ត្រូវបានស្ថាបនាឡើងដោយ យកចិត្តទុកដាក់ពីក្រុមបច្ចេកទេស ក្នុងនោះក៏មានការចូលរួម ពីសកម្មភាពរបស់ក្រុមកងវិស្វរកម្មផងដែរ។

    តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងជាទីក្រុងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូល នៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ ដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (SmartCity)ផងដែរ។ ក្រោយពីបញ្ចប់ការស្ថាបនា គម្រោងនេះនឹងដើរតួ ជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ពីទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់ តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយ ការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

    សូមជម្រាបផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង38ខ្សែ ក្នុងក្រុងសៀមរាបនេះ បានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ ថវិកាចំនួន250លានដុល្លារអាមេរិក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ៕ រូបភាព និងអត្ថបទ៖ ឆាយ ប៊ុនហន

    spot_img

    អត្ថបទទាក់ទង

    spot_img