ទំព័រដើម ទំព័រដើម សត្វស្វាជាច្រើនក្បាល កំពុងអុកឡុកចំការល្ហុងពលរដ្ឋ នៅតំបន់ជើងភ្នំខៀវប៉ៃលិន

សត្វស្វាជាច្រើនក្បាល កំពុងអុកឡុកចំការល្ហុងពលរដ្ឋ នៅតំបន់ជើងភ្នំខៀវប៉ៃលិន

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ ប្រជាកសិករពោះម៉ាយម្នាក់ មានកូនស្រីតូចម្នាក់អាយុ៣ឆ្នាំនៅក្នុងបន្ទុក បានខិតខំប្រឹងប្រែង ដាំដំណាំបន្លែល្ហុងចំនួន៤ហិកតា នៅជាប់នឹងជើងភ្នំខៀវ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សម្រាប់បេះលក់បានប្រាក់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ គាត់ក៏ដាំដំណាំផ្សេងៗ ជាច្រើននៅលើដី ចម្ការប្រមាណ១០ហិកតាផងដែរ។ តែគាត់បារម្ភពីបញ្ហាសត្វស្វាទាំងហ្វូង ចូលស៊ីនិងបេះផ្លែល្ហុងចូលក្នុងព្រៃ ភ្នំនាំកូនចៅស៊ីរាល់ថ្ងៃ ពិបាកក្នុងការការពារ។

បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ មុត ស្មាអែល អាយុ៦៣ឆ្នាំ រស់នៅភូមិខាងលើ បាន ឱ្យភ្នាក់ងារយើងដឹងថា រូបគាត់បានដាំល្ហុងមួយប្រភេទឈ្មោះ ហូឡេន ចំនួនជាង៤០០០ដើម ដែលជាតម្រូវការទីផ្សារ នៅលើផ្ទៃដីប្រមាណ១០ហិកតា។

គាត់បន្តទៀតថា ដំណាំល្ហុងប្រភេទនេះ កាលពីមុនទាន់មានករណីជម្ងឺកូវីដ១៩ នៅពេលទុំបេះលក់១គីឡូក្រាម តម្លៃ២០០០រៀល ដោយមានម៉ូយធ្វើដំណើរ មកពីក្រុងប៉ៃលិន ចូលទៅម៉ៅទិញពេលជិតទុំ បេះដឹកយកទៅលក់បន្តនៅតាម បណ្តាខេត្តនានា។ គាត់ដាំដំណាំល្ហុងប្រភេទ ហូឡេននេះ អស់រយ:ពេលជាង៣ឆ្នាំមកហើយ គឺគេទិញយកទៅទទួលទាននៅពេលទុំ មិនមែនជាប្រភេទល្ហុងបន្លែនោះឡើយ ដោយមានរសជាតិផ្អែមឆ្ងាញ់។

តែអ្វីដែលធ្វើឱ្យគាត់មានការព្រួយបារម្ភនោះ ដោយសារតែនៅក្នុងចម្ការ របស់គាត់ជាប់នឹង ជើងភ្នំខៀវ សម្បូរទៅដោយសត្វស្វា ដែលចូលមកស៊ីល្ហុង របស់ខ្លួនជារៀងរាល់ថ្ងៃ នៅពេលល្ហុងចាស់ជិតទុំ គឺចូលបេះស៊ីទាំងហ្វូង ហើយជញ្ជូនឡើងទៅលើភ្នំថែមទៀត។ ជួនកាលក៏មានសត្វជ្រូក ព្រៃ ចេញពីក្នុងព្រៃភ្នំ មកស៊ីដំណាំរបស់គាត់ នាពេលយប់ស្ងាត់ផងដែរ។

គាត់បញ្ជាក់ទៀតថា នៅលើដីចម្ការខាងលើនេះ គាត់មិនត្រឹមតែដាំបន្លែល្ហុងប៉ុណ្ណោះទេ គឺមានដាំដំណាំហូបផ្លែជាច្រើនទៀត ដូចជា ស្វាយកែវរមៀត ក្រូចសើច អំពិល ក្រូចខ្លុង មៀនកោះក្របី ដើមខ្នុរ ដើមទឹកដោះ។ ជាពិសេសជារៀងរាល់ថ្ងៃចុងសប្តាហ៍ មានប្រជាពលរដ្ឋជាច្រើន ដែល រស់នៅក្នុងក្រុងប៉ៃលិន តែងតែបើកបរម៉ូតូ និងរថយន្ត ទៅលេងក្នុងចម្ការរបស់គាត់ រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់មកផ្ទះវិញ។

គាត់ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលឈប់សម្រាកពីការងារ អាចចូលទៅលេងចម្ការ របស់គាត់ ដោយទិញផ្លែឈើផ្សេងៗ និងផ្លែល្ហុងជាដើម ព្រោះជាផ្លែឈើធម្មជាតិសុទ្ធសាធ អត់មាន ប្រើជីគីមីអ្វីនោះឡើយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម