ទំព័រដើម ទំព័រដើម ពលរដ្ឋជនជាតិដើមភាគតិចទំពួន ស្នើឲ្យអាជ្ញាធរជួយពិនិត្យឃ្លាំងស្តុក ជ័រកៅស៊ូក្បែររង្វង់មូលយក្សឡោម ដែលបង្កក្លិនស្អុយខ្លាំងពិបាកដកដង្ហើម

ពលរដ្ឋជនជាតិដើមភាគតិចទំពួន ស្នើឲ្យអាជ្ញាធរជួយពិនិត្យឃ្លាំងស្តុក ជ័រកៅស៊ូក្បែររង្វង់មូលយក្សឡោម ដែលបង្កក្លិនស្អុយខ្លាំងពិបាកដកដង្ហើម

- ពាណិជ្ជកម្ម -

រតនគិរី៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចទំពួន ដែលរស់នៅក្នុងភូមិសីល សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បានខឹងសម្បាយ៉ាងខ្លាំង ជាមួយថៅកែឃ្លាំងជ័រកៅស៊ូ ១កន្លែងខាងកើតរង្វង់មូលយក្សឡោម ក្បែរសាលាបឋមសិក្សាហ៊ុនសែនភូមិថ្មី ដែលបង្កក្លិនស្អុយខ្លាំង ដល់ពួកគាត់ ពិបាកដកដង្ហើម ប្រឈមនឹងសុខភាព ខណៈដែលម្ចាស់គេ មិនខ្ចីខ្វល់ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។

យោងតាមក្រុងប្រជាពលរដ្ឋ បានឲ្យដឹងថា សព្វថ្ងៃពួកគាត់ កំពុងរងទុក្ខលំបាកយ៉ាងខ្លាំង នៅពេលដែលឃ្លាំងស្តុកទុក និងផលិតជ័រកៅស៊ូខាងលើនេះ បង្កជាក្លិនមិនល្អដាក់មកលើពួកគាត់ ធ្វើឲ្យពួកគាត់ពិបាកដកដង្ហើម ប្រឈមនឹងបញ្ហាសុខភាពខ្លាំង ខណៈដែលម្ចាស់ឃ្លាំងផលិត និងស្តុកកៅស៊ូនេះ ហាក់ដូចគ្មានគិតពីសុខភាពអ្នកដទៃសោះ។ ក្រុមពលរដ្ឋដដែលបន្តទៀតថា ឃ្លាំងខាងលើដើមឡើយ ជារបស់ឈ្មោះតាធី ស្រាបៀរអង្គរ តែក្រោយមកឃ្លាំងនេះ ត្រូវបានលោកធី ជួលបន្តឲ្យថៅកែថ្មី ដែលគេនិយាយតៗគ្នាថា ថៅកែថ្មីនេះ មានឈ្មោះ គឹម សុផល និងប្រពន្ធឈ្មោះ យាយហាយ ជាជនជាតិវៀតណាម។ ហើយបច្ចុប្បន្ន គេយកឃ្លាំងនេះដាក់ស្តុក និងផលិតជ័រកៅស៊ូ កណ្តាលក្រុងតែម្តង ដែលជារឿងធ្វើឲ្យ មានបញ្ហាប្រឈមគ្រប់បែបយ៉ាង សម្រាប់ការរស់នៅរបស់ពួកគាត់ ព្រោះតែមានក្លិនមិនល្អ ពលរដ្ឋសំណូមពរឲ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យ និងមានវិធានការ លើម្ចាស់ឃ្លាំងជ័រកៅស៊ូនេះ។

ទាក់ទងការលើកឡើង របស់ពលរដ្ឋបែបនេះ មេការម្នាក់របស់ឃ្លាំងជ័រកៅស៊ូខាងលើ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់សុំពលរដ្ឋកុំឲ្យតវ៉ា ពន្យាពេល១៥ថ្ងៃទៀតសិន ព្រោះថាថៅកែឃ្លាំង នឹងមានវិធានការចាក់សាបធ្វើលូ រំដោះទឹកស្អុយ ឬក៏ប្តូរទីតាំងស្តុកថ្មីតែម្តង។

តែយ៉ាងណាក៏ដោយ ការសន្យារបស់មេការឃ្លាំងជ័រកៅស៊ូខាងលើនេះ ត្រូវបានពលរដ្ឋនិយាយថា មិនអាចទទួលយកបាន ដោយសារខាងម្ចាស់ឃ្លាំងបានតែនិយាយ អស់ពេលជាយូមកហើយ មិនឃើញអនុវត្តឲ្យដូចពាក្យសន្យាសោះ។

ពាក់ព័ន្ធនឹងករណីប្រតិកម្មរបស់ពលរដ្ឋ ទៅលើឃ្លាំងជ័រកៅស៊ូនេះ លោក ទិន លួង ចៅសង្កាត់យក្សឡោម បានមានប្រសាស ប្រាប់ក្រុមអ្នកសារព័ត៌មានថា ម្ចាស់ទីតាំងស្តុបជ័រកៅស៊ូខាងលើនេះ ពិតជាធ្លាប់បានសន្យា ជាមួយពលរដ្ឋបែបនេះ ម្ដងរួចមកហើយមែន ហើយករណីនេះ អាជ្ញាធរបានណែនាំជាច្រើនដងផងដែរ ប៉ុន្តែម្ចាស់មិនស្ដាប់ អាជ្ញាធរទាល់តែសោះ។

ចំណែកលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថាន ខេត្តរតនគិរី បានប្រាប់បណ្តាញសារព័ត៌មានយើង ឲ្យដឹងដែរថា ករណីនេះ លោកនឹងឲ្យមន្ត្រីរបស់លោក ចុះទៅពិនិត្យមើលម្តងទៀត លោកថាបើសិនម្ចាស់ទីតាំង បានធ្វើកិច្ចសន្យាហើយ នៅតែរឹងមិនព្រមស្តាប់តាមការណែនាំ របស់អាជ្ញាធរបែបនេះ អាជ្ញាធរអាចមានវិធានការ តាមផ្លូវច្បាប់បាន។

សូមបញ្ជាក់ផងដែរថា ករណីដែលឃ្លាំងស្តុកជ័រកៅស៊ូខាងលើ បង្កផលប៉ះពាល់ដល់ពលរដ្ឋបែបនេះ គឺកើតមានជាយូមកហើយ ហើយពលរដ្ឋក៏បានសំណូមពរជាច្រើនលើកដែរ តែមិនទាន់អាជ្ញាធរ ចេញវិធានការក្តៅលើថៅកែជ័រកៅស៊ូនេះ ឲ្យមានប្រសិទ្ធភាពសោះ ខណៈដែលម្ចាស់ ក៏ផ្គើនដាក់លើអាជ្ញាធរ និងពលរដ្ឋផងដែរ៕ រូបភាព និងអត្ថបទ៖ ម៉ី ឌីន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម