ទំព័រដើម ទំព័រដើម ពលរដ្ឋជិតជាង១០០គ្រួសារ នាំគ្នាតវ៉ារឿង មានអ្នកលួចចាក់ដីលុប ស្រះទឹកដែលពួកគាត់ ប្រើប្រាស់ជាយូមកហើយ

ពលរដ្ឋជិតជាង១០០គ្រួសារ នាំគ្នាតវ៉ារឿង មានអ្នកលួចចាក់ដីលុប ស្រះទឹកដែលពួកគាត់ ប្រើប្រាស់ជាយូមកហើយ

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ បាននាំគ្នាមកតវ៉ា ករណីមានអ្នកលួចចាក់ដីលុបស្រះទឹក មួយកន្លែងដែលស្ថិតនៅក្នុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ខណៈដែលស្រះទឹកនោះ ពួកគាត់បានប្រើប្រាស់រួមជាយូមកហើយ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពីដំបូងដីស្រះទឹកនេះ ជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឈ្មោះ សាយ ផល ក្រោយមក សាយ ផល នេះក៏លក់ឲ្យទៅឈ្មោះ ស គង់ ក្រោយមកទៀតឈ្មោះ ស គង់ នេះ ក៏លក់បន្តទៅឱ្យក្រុមហ៊ុន AZ ដែលគេដឹងថាជាក្រុមហ៊ុនរបស់លោក ឧកញ៉ា អុឹង ប៊ុនហូវ តាមរយៈ អ្នករត់ការម្នាក់ឈ្មោះ មន សាខន ដើម្បីកាយយកអាចម៍ដី ទៅធ្វើកន្លែងជញ្ជីងថ្លឹងរថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្រោយពីក្រុមហ៊ុន AZ កាយអាចម៍ដីនឹងរួច ក៏បានប្រគល់ស្រះទឹកមួយកន្លែងនេះ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាសម្បត្តិរួម គ្មានកម្មសិទ្ធិរបស់បុគ្គលណាមួយម្នាក់ឡើយ ដោយពួកគាត់ក៏បានដាក់ឈ្មោះស្រះនេះថា ជាស្រះAZ ទៀតផង នៅក្នុងការប្រគល់ស្រះទឹកនេះ ក៏មានការចូលរួមពី លោកក្រុមប្រឹក្សា សង្កាត់កន្ទោក លោកមេភូមិស្ងួនពេជ្រ និង លោកតាចៅ អធិការវត្តស្ងួនពេជ្រ ព្រមទាំង ប្រជាពលរដ្ឋក្នុងភូមិទាំងមូល ក៏បានដឹងឮផងដែរ គ្រាន់តែថាក្រុមហ៊ុន ពុំមានបន្សល់ទុកឯកសារអ្វីមកប្រជាពលរដ្ឋទេ។

ប្រជាពលរដ្ឋទាំងអស់គ្នា បានរៀបរាប់បន្តទៀតថា ពួកគាត់បានប្រើប្រាស់ទឹកស្រះ ដែលក្រុមហ៊ុនឲ្យប្រើរួមភូមិនេះ ជាង១០ឆ្នាំហើយពំុដែលមានបញ្ហាអ្វីឡើយ ទើបតែនៅចុងឆ្នាំ ២០១៧នេះ ស្រាប់តែពួកគាត់ទទួលដំណឹងថា ស្រះទឹកនេះ ជាស្រះរបស់ ឧកញ៉ា ឌួង ងៀប ទៅវិញ ធ្វើឲ្យពួកគាត់មានការងឿងឆ្ងល់ ក៏ជូនដំណឹងនេះទៅក្រុមហ៊ុន AZ ឲ្យបានជ្រៀប បន្ទាប់មកក្រុមហ៊ុន AZ ក៏បានចេញលិខិត សំណើសុំប្ដឹង ទប់ស្កាត់ការទិញ លក់ ផ្ទេកម្មសិទ្ធិដីស្រះមួយកន្លែងទំហំប្រមាណ ៤៣៣៨ ម៉ែត្រ ក្រឡា ដែលមានទីតាំងស្ថិតនៅភូមិឃុំខាងលើតែម្តង។

មកដល់ពេលនេះ ក្រុមការងារសារព័ត៌មានយើង មិនទាន់អាច សុំការបកស្រាយពន្យល់ ពីខាងភាគ្គីលោក ឧកញ្ញា ដួង ងៀប បាននៅឡើយទេ ជុំវិញបញ្ហាដែលពលរដ្ឋបានរៀបរាប់នេះ ដោយសារពុំមានលេខសម្រាប់ទំនាក់ទំនង។

ពាក់ព័ន្ធនឹងករណីនេះផងដែរ លោក យ៉ង់ ស៊ីថុល ចៅសង្កាត់កន្ទោក បានមានប្រសាសថា ពីដំបូងឈ្មោះ ស គង់ បានលក់ដីស្រះនេះ ទៅឲ្យបុរសម្នាក់ដែលគាត់មិនចាំឈ្មោះ ជាមន្ត្រីធ្វើការនៅខណ្ឌចំការមន ដែលជាតំណាងឲ្យ លោកឧកញ៉ា ដួង ងៀប ទិញតាមរយៈអ្នករត់ការម្នាក់ឈ្មោះ មន សាខន។ លោកចៅសង្កាត់ បានបញ្ជាក់ថា ក្រុមហ៊ុន អេហ្សិតនេះ គឺបានទិញអាចម៍ដីពី លោក ឧកញ៉ា ដួង ងៀប យកទៅធ្វើកន្លែងជញ្ជីងថ្លឹងរថយន្ត។ លោកថា សាច់រឿងនេះ លោកបានបញ្ជូនដល់សាលាខណ្ឌរួចហើយ។ យ៉ាងណាក៏ដោយ អាជ្ញាធរបានបញ្ជាក់ថា រឿងទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុនខាងលើនេះ នឹងមានការសម្របសម្រួលឡើងវិញ នៅទីតាំងទំនាស់ផ្ទាល់ នាសប្តាហ៍ក្រោយនេះ៕ រូបភាព និងអត្ថបទ៖ ឆាយ តារា

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម