More

    គ្រាប់មិនទាន់ផ្ទុះជិត១ពាន់គ្រាប់ ត្រូវបានរកឃើញក្នុងនាវា២គ្រឿង ដែលលេចក្នុងទន្លេសម័យសង្គ្រាម

    spot_img

    ភ្នំពេញ៖ គ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះជិត ១ពាន់គ្រាប់ ត្រូវបានរុករកឃើញនៅក្នុងនាវាចម្បាំងពីរគ្រឿង ដែលបានលេចនៅបាតទន្លេ ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកគ្រាប់ដែលនៅសេសសល់ គឺក្រុមប្រតិបត្តិការបានរិះរកគ្រប់មធ្យោបាយ ដើម្បី អោយទទួលបានជោគជ័យទាំងស្រុង នាដើមខែឧសភាខាងមុខនេះ គឺមុនរដូវវស្សាមកដល់។

    សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំបច្ចុប្បន្នភាព នៃកិច្ចប្រតិបត្តិការរុករកនាវាចម្បាំង និងបោសសម្អាតគ្រាប់យុទ្ឋភណ្ឌ មិនទាន់ផ្ទុះនៅបាតទន្លេ ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។

    សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ ធ្វើឡើងស្របតាមសំណើ របស់នាយឧត្តមសេនីយ៍ នាង ផាត ប្រធានក្រុមប្រតិបត្តិការ ការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

    ចំណែកលោកឧត្តមសេនីយ៍ទោ ម៉ី សុភា ប្រធានក្រុមប្រតិបត្តិរុករកយុទ្ធភណ្ឌក្រោមទឹក បានបញ្ជាក់ថា នាវាចម្បាំងចំនួនពីរគ្រឿង ដែលភាគីបដិបក្សនាសម័យរបបលោក លន់ នុល បានបាញ់ពន្លិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានក្រុមការងារ កំពុងរុករកជារៀងរាល់ថ្ងៃ ដែលរហូតមកដល់ពេលនេះ គឺបានស្រងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានជិតមួយពាន់គ្រាប់ ខណៈនៅសល់ជាច្រើនតោនទៀត កំពុងកំណត់ទីតាំង ដើម្បីបន្តស្រង់យកទៅដាក់កន្លែងមានសុវត្ថិភាព។

    យោងតាមរបាយការណ៍ ស្តីពីកិច្ចប្រតិបត្តិការរុករកនាវាចម្បាំង និងបោសសម្អាតគ្រាប់យុទ្ឋភណ្ឌ មិនទាន់ផ្ទុះនៅបាតទន្លេ ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ក្រោយពីទទួលបានសេចក្តីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមជំនាញរបស់មជ្ឈមណ្ឌលជាតិ បានចុះទៅកាន់ទីតាំងភូមិសាស្ត្រ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទីតាំងដែលមាននាវាចម្បាំងលិច និងមានបន្សល់ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅ អំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលម្អិត ស្តីពីប្រវត្តិសង្គ្រាមនៅតំបន់នោះ មូលហេតុនៃការលិចនាវា ការគំរៀមកំហែងដោយគ្រាប់មិនទាន់ផ្ទុះ និងបញ្ហាផ្សេងៗ។

    ដើម្បីអនុវត្តតាមបទបញ្ជា ដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២០ មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក សំណល់សង្គ្រាម រួមសហប្រតិបត្តិការ ជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានបង្កើត កងអនុសេនាធំ បោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងគោលដៅចុះអនុវត្តកិច្ចប្រតិបត្តិការ រុករកនាវាចម្បាំងលិច និងធ្វើការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ដែលបាន បន្សល់ទុកកាល ពីអំឡុងសង្គ្រាមឆ្នាំ១៩៧០ – ១៩៧៥។

    កិច្ចប្រតិបត្តិការរុករកនាវា និងបោសសម្អាតគ្រាប់ កងអនុសេនាធំមានតួនាទី យ៉ាងសំខាន់ក្នុងការប្រមូលផ្តុំកម្លាំង និងបានបង្កើតទីបញ្ជាការស្រាល នៅក្នុងវត្តមាន់ដប់ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដើម្បីធ្វើការហ្វឹកហ្វឺន ធ្វើសមាហរណកម្មជំនាញ បញ្ចូលគ្នា ត្រៀមបើកកិច្ចប្រតិបត្តិការរួមគ្នា ដោយធ្វើការសិក្សាស្រាវជ្រាវ រុករក និងធ្វើការបោសសម្អាត គ្រាប់ទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា លិចក្នុងទន្លេ នៅលើវិសាលភាពនៃផ្ទៃទន្លេ បណ្តោយ១៥០០ម និងទទឹង ១០០០ម (១៥០ហិកតា) និងបានបែងចែកជា៣តំបន់ រួមមាន៖ តំបន់ហានិភ័យខ្ពស់ ទំហំ២០០ម x ២០០ម ចំនុចនាវាលិច តំបន់មានហាខំភ័យមធ្យម ទំហំ៥០០មx១០០០ម និងតំបន់នៅសល់មានហានិភ័យទាប។

    រហូតមកដល់ពេលបច្ចុប្បន្ននេះ ដំណើរការប្រតិបត្តិការ បានរុករកឃើញទីតាំងនាវាលិចហើយ និងកំពុងប្រតិបត្តិការបូមខ្សាចបណ្តើរ ធ្វើការរុករក និងស្រង់យកគ្រាប់ចេញពីនាវា ព្រមទាំងភិច្ចការ ស្តារស្រង់គល់ឈើ និងគល់ឫស្សី ដែលនៅជាប់គាំងជុំវិញនាវា ដែលជាឧបសគ្គរាំងស្ទះ ដល់ប្រតិបត្តិការស្រង់យកគ្រាប់ចេញពីនាវា។

    លទ្ធផលសម្រេចបាន កិច្ចប្រតិបត្តិការរយៈពេល០៣ខែកន្លងមកនេះ កម្លាំងជំនាញ បានធ្វើការបោសសំអាតគ្រាប់ក្រោមទឹក និងនៅតាមភូមិឋានប្រជាពលរដ្ឋ រស់នៅជុំវិញតំបន់ប្រតិបត្តិការ បានចំនួនសរុប ៩១២គ្រាប់។ គ្រាប់ទាំងនេះត្រូវបានស្តុកទុក នៅទីតាំងសុវត្ថិភាពឆ្ងាយ ពីទីប្រជុំជន នៅជាប់មាត់ទន្លេរ និងមានការយាមការពារ ២៤/២៤ម៉ោង។ កិច្ចប្រតិបត្តិការនេះ នឹងត្រូវខិតខំប្រឹងប្រែងរិះរក គ្រប់មធ្យោបាយ ដើម្បីអោយទទួលបានជោគជ័យទាំងស្រុង នាដើមខែឧសភាខាងមុខនេះ គឺមុនរដូវវស្សាមកដល់៕ រូបភាព និងអត្ថបទ៖ ឆាយ តារា

     

    spot_img

    អត្ថបទទាក់ទង

    spot_img