
បាត់ដំបង៖ ទំនិញខូចគុណភាពជិត ២០០០គីឡូក្រាម ដែលត្រូវស្ថាប័នការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តបាត់ដំបង ដកហូតបានពីអាជីវករលក់ដូរនៅតាមទីផ្សារ និងផ្ទះ ត្រូវបានអាជ្ញាធរខេត្ត ធ្វើពិធីដុតកម្ទេចចោល នៅទីលានដុតសំរាម នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងពិធីដុតកម្ទេចចោល នូវទំនិញខូចគុណភាពខាងលើនេះដែរ មានការអញ្ចើញចូលរួមពីលោក អ៊ុយ សុធាវី អភិបាលរងខេត្ត លោក ផេង សិទ្ធី អភិបាលក្រុង លោក ហាក់ សុខរិន ប្រធានសាខាការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង រួមនឹងអាជ្ញាធរពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។
លោក ហាក់ សុខរិន ប្រធានសាខាការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង បានលើកឡើងថា ទំនិញខូចគុណភាពទាំងអស់នេះ គឺត្រូវបានមន្ត្រីជំនាញចុះពិនិត្យ និងដកហូតបាន ពីបងប្អូនអជីវករនៅតាមផ្សារ និងតាមផ្ទះកាលពីឆ្នាំ២០២០កន្លងទៅ ដែលមានទម្ងន់សរុបចំនួន ១៨១០គីឡូក្រាម ដែលក្នុងនោះមានភេសជ្ជៈ ស្រា អាហារងៀត នំ និងអាហារកំប៉ុងជាដើម។
ជាមួយគ្នានេះ លោកប្រធានសាខា ក៏បានអំពាវនាវសំណូមពរ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមនឹងអាជីវក ពាណិជ្ជករ សូមមុននឹងនាំទំនិញចូល ត្រូវមើលកាលបរិច្ឆេទប្រើប្រាស់អោយបានវែង និងថែរក្សាអោយបានល្អ ហើយចំពោះប្រជាពលរដ្ឋ ដែលជាអ្នកទិញយកទៅប្រើប្រាស់ ត្រូវពិនិត្យមើលអោយបានច្បាស់លាស់ បើមិនដូច្នេះទេវា ធ្វើអោយយើងខាតទាំងពេលវេលា ខាតទាំងថវិកា ក្នុងការបរិភោគរាល់ទំនិញ ដែលមិនត្រូវតាមបទប្បញ្ញត្តិនៃច្បាប់។
បន្ថែមពីនេះលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងដែរថា បងប្អូនអាជីវករ ត្រូវតែមានភាពស្មោះត្រង់ ចំពោះអតិថិជនរបស់ខ្លួន ដោយដាក់តាំងផលិតផលមានគុណភាពល្អ ត្រូវចេះពិនិត្យមើលកាលបរិច្ឆេទទំនិញ របស់ខ្លួនមុននឹងដាក់លក់ ចៀសវាងមានបញ្ហាផ្នែកសុខភាព ដល់អ្នកបរិភោគឬប្រើប្រាស់ ពិសេសមុនយកទំនិញ មកលក់បន្តត្រូវស្គាល់ទីតាំងផលិត ឲ្យច្បាស់លាស់។ ហើយសម្រាប់អ្នកទិញវិញ ក៏ត្រូវយល់ឲ្យបានច្បាស់ផងដែរ ពីផលិតផលដែលគេលក់ឲ្យ ដោយពីមុនលក់ក្នុងតម្លៃថ្លៃ តែបែរមកលក់តម្លៃទាបជាងមុនឆ្ងាយ ត្រូវសួរនាំអ្នកលក់ ឲ្យបានដឹងអំពីមូលហេតុ ឬពិនិត្យឌឺឡេទំនិញទាំងអស់នោះ ឲ្យបានជាក់លាក់មុនទិញ យកទៅបរិភោគឬប្រើប្រាស់ ហើយក៏ត្រូវចេះសិក្សាស្វែងយល់ពីអាហារ ឬទំនិញប្រភេទណា ដែលអាចបរិភោគបាន តាមអ្វីដែលជំនាញបានផ្សព្វផ្សាយ និងអប់រំពន្យល់ជាបន្តបន្ទាប់នោះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ