More

    ពលរដ្ឋនិយាយថាមានទីតាំងកែច្នៃ ឈើខុសច្បាប់ច្រើននៅខេត្តរតនគិរី កំពុងរំខានការរស់នៅរបស់គាត់ ដោយសារធ្វើគ្មានគិតពីពេលវេលា

    spot_img

    រតនគិរី៖ ប្រជាពលរដ្ឋបាននិយាយរិះគន់ ចំពោះទីតាំងកែច្នៃឈើខុសច្បាប់ ដែលកើតមានជាច្រើនកន្លែង ក្នុងខេត្តរតនៈគិរី ពិសេសគឺក្នុងក្រុងបានលុង ដែលកំពុងបង្កការរំខានដល់ ប្រជាពលរដ្ឋ ខណៈដែលសមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការ។

    បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្នគេសង្កេតឃើញមាន ទីតាំងកែច្នៃឈើជាច្រើនកន្លែង ដែលគ្មានច្បាប់អនុញ្ញាតិ ក៏អាចធ្វើអាជីវកម្មបានដែរ ហើយជារៀងរាល់ថ្ងៃ ទីតាំងទាំងអស់នោះ ធ្វើអាជីវកម្មនៅកណ្តាលវាល ឬលើចិញ្ចើមផ្លូវជាដើម ដោយគ្មានបិទបាំង ឬគ្មានគិតពីអ្នកដទៃសោះ ធ្វើឲ្យកម្ទេចឈើ និងផ្សែងហុយចេញពីការធ្វើនោះ ប៉ះពាល់ដល់អ្នកដំណើរ ក៏ដូចជាអ្នករស់នៅជិតខាង ស្ទើរគ្រប់ៗគ្នា មិនត្រឹមតែប៉ុណ្ណោះ មានកន្លែងកែច្នៃខ្លះ ដែលជារបស់ជនជាតិវៀតណាម ធ្វើដល់ម៉ោង៩យប់ ក៏មិនទាន់ឈប់ដែរ បង្កជាសម្លេងរំខាន យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ខណៈដែលរឿងទាំងនេះ កើតឡើងយូដែរហើយ បែរជាគ្មានជំនាញ មកអើតមើលសោះ ត្បិតទីតាំងខាងលើទាំងអស់នោះ គ្មានច្បាប់ស្រាប់ផង។ ប្រជាពលរដ្ឋ ដែលជាអ្នកទទួលរងផលលំបាក មួយចំនួន បានស្នើសុំឲ្យអាជ្ញាធរ ជួយណែនាំ និងមន្ត្រីជំនាញជួយពិនិត្យមើលផល កុំឲ្យម្ចាស់ទីតាំងខាងលើ ធ្វើអ្វីបានតាមអំពើចិត្តពេក។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហុង ភា នាយខណ្ឌស្តីទីរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី បានមានប្រសាសប្រាប់អង្គភាពយើង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា ទីតាំងដែលពលរដ្ឋរៀបរាប់ខាងលើនេះ មិនត្រូវហៅថាសិប្បកម្មទេ ព្រោះជាកន្លែងគ្មានច្បាប់ ទាល់មានច្បាប់ទើបហៅថាសិប្បកម្ម លោកថាទីតាំងទាំងអស់ខាងលើ គឺធ្វើកែច្នៃបែបលក្ខណៈគ្រួសារ នៅក្នុងស្រុកតែប៉ុណ្ណោះ ច្បាប់មិនហាមឃាត់ទេ។ លោកថា ទីតាំងទាំងអស់ខាងលើ គេធ្វើយូហើយ លោកមិនដែលឮថា មានការជំទាស់អ្វីឡើយ លោកទទួលស្គាលថា បើសិនមានធ្វើពេលយប់បែបនេះមែន គឺពិតជាខុសហើយ ព្រោះវារំខាន តែពលរដ្ឋអាចទៅប្រាប់ម្ចាស់ទីតាំងទាំងនោះផ្ទាល់ ឬក៏ប្រាប់អាជ្ញាធរដោយខ្លួនឯងក៏បាន ហេតុអ្វីទៅប្រាប់អ្នកសារព័ត៌មានទៅវិញ។

    សូមបញ្ជាក់ថា បើទោះបីជា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បកស្រាយថាទីតាំងកែច្នៃឈើខាងលើ គឺធ្វើឡើងជាលក្ខណៈគ្រួសារ បែបប្រពៃណីយ៉ាងនេះក្តី ក៏គេសង្កេតឃើញថា ទីតាំងទាំងអស់នេះ ដំណើរការរាល់ថ្ងៃ និងមានឈើចេញចូល ចង់ច្រើនជាងសិប្បកម្ម ដែលមានលក្ខណៈអាជីវកម្មទៅទៀត ហើយភាគច្រើននៃទីតាំងខាងលើនេះ មិនមែនកែច្នៃឈើដើម្បីប្រើខ្លួនឯងនោះទេ គឺធ្វើដើម្បីលក់តែម្តង និងភាគច្រើនមួយទៀត គឺស៊ីឈ្នួលធ្វើឲ្យមន្ត្រីរាជការតែម្តង តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមិនបានជំទាស់ ហាមមិនឲ្យមានទីតាំងកែច្នៃ ឈើខុសច្បាប់ទាំងនេះទេ ព្រោះខ្លាចអ្នកធ្វើខុសច្បាប់ បាត់បង់មុខរបរអស់ គឺគ្រាន់តែចង់ឲ្យមានការ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន កុំឲ្យបង្កផលប៉ះពាល់ និងការរំខានដល់អ្នកផ្សេងតែប៉ុណ្ណោះ៕ រូបភាព និងអត្ថបទ៖ ម៉ី ឌីន

     

    spot_img

    អត្ថបទទាក់ទង

    spot_img