More

    រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងយកអំណោយជូនកងកម្លាំង ឈជើងតាមបន្ទាត់ព្រំដែន

    spot_img

    ប៉ៃលិន៖ នៅរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោកមេបញ្ជាការប្រចាំទិសប៉ៃលិន-សំឡូត លោកមេបញ្ជាការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត យុវជនស.ស.យ.កខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការ នៅគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ក្នុងបេសកកម្មទប់ស្កាត់ ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។

    មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អុី ឈាន បាននាំបណ្តាំផ្ញើសាកសួរសុខទក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូ ពីសុខទុក្ខកងកម្លាំង ប្រដាប់អាវុធគ្រប់កាលៈទេសៈ។

    ក្នុងនាមឯកឧត្តមផ្ទាល់ បានធ្វើការកោតសរសើរ និងលើកទឹកចិត្ត ចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើអោយ បងប្អូនមានស្មារតីមុះមុត មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អ អោយក្លាយទៅជាសាច់ឈាមតែមួយ ក្នុងការទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ១៩ និងការពារសុវត្ថិភាពជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង បំភ័យពលករពេលឆ្លងដែនមក ដោយអោយពួកគាត់ឆ្លងដែន មកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ ដើម្បីនាំពួកគេទៅ មណ្ឌលធ្វើចត្តាឡីស័ក ដែលបានរៀបចំរួចដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត។

    ហើយក្នុងពេលកំពុងបំពេញបេសកកម្មនេះ ត្រូវរក្សាសុខភាពអោយបានល្អ អនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីកុំអោយមានការឆ្លង រីករាលដាលចូលក្នុងគ្រួសារ សហគមន៍យើងដោយមិនដឹងខ្លួន ព្រោះយើងមិនដឹងថា បេសកកម្មមួយនេះ ចប់នៅពេលណាឡើយ។ ឯកឧត្តមបានបន្តថា ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩ កងកម្លាំងទាំង៣ប្រភេទ ក៏ត្រូវតាមដាននិងរក្សាសណ្តាប់ធ្នាប់ សន្តិសុខតាមព្រំដែន ទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសឆ្លងដែន ការជួញដូរខុសច្បាប់។

    ស្បៀងអាហារ និងសម្ភារៈ បានឧបត្ថម្ភដល់កងកម្លាំងការពារ ក្នុងមួយគោលដៅៗ ម៉ាស៤ប្រអប់ កៅស៊ូតង់ធំ១ អង្ករ៥០គីឡូ ទឹកសុីអុីវ ១យួរ មី៣កេស ត្រីខ២យួរ ទឹកសុទ្ធដបធំ ៤យួរ ទឹកក្រូច៣៦ដប ពងទា៦០គ្រាប់ ជែលអាល់កុល ១ឡូ និងថវិកាមួយចំនួនផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img