
បន្ទាយមានជ័យ៖ មុខរបរចិញ្ចឹមមាន់យកពូជ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាកសិករ នៅក្នុងខេត្តបន្ទាយមានជ័យ ខណៈដែលមុខរបរនេះ កសិករអាចបង្កើតប្រាក់ចំណូល បានជាមធ្យមចន្លោះពី៣ទៅ៤ពាន់ដុល្លា។ ទាំងនេះជាទិន្នភាព នៃការចិញ្ចឹមមាន់ស្រែយកពូជ នៅក្នុងកសិដ្ឋាន សុផាត ភីអិន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក សុខ សុផាត ជាម្ចាស់កសិដ្ឋានមាន់ស្រែ សុផាត ភីអិន បានសម្តែងអារម្មណ៍ សប្បាយចិត្ត ពេលដែលការចិញ្ចឹមមាន់របស់គាត់ ទទួលបានជោគជ័យលើទីផ្សារ។ លោកបានរៀបរាប់ថា ការចិញ្ចឹមមាន់ស្រែពូជនេះ ពីដំបូងឡើយ លោកចេះធ្វើតែបែបលក្ខណៈគ្រួសារ ដែលមានមាន់ ប្រហែល២០ទៅ៣០ក្បាលប៉ុណ្ណោះ តែដោយសារមុខរបរនេះ ទទួលបានការគាំទ្រខ្លាំង និងកាក់កបល្អផងដែរនោះ លោកបានបន្ថែមមាន់ពូជ រហូតដល់ចំនួន១២០០ក្បាល ដើម្បីផ្គត់ផ្គង់ ឲ្យទាន់តម្រូវការទីផ្សារ។
បើទោះបីជាការចិញ្ចឹមមាន់ស្រែយកពូជ ទទួលបានផលល្អបែបនេះក្តី លោកថាកន្លងមក ក៏មានបញ្ហាប្រឈមខ្លះដែរ ដោយសារតែលោកចិញ្ចឹមតាមបែបធម្មជាតិ និងយកគម្រូតាមបែបបុរាណ ក៏ប៉ុន្តែ ការចិញ្ចឹមពូជមាន់បែបលក្ខណៈ បុរាណដូចនេះ វាមិនបានធ្វើឲ្យ អាជីវកម្មរបស់លោកទទួលបានជោគជ័យឡើយ។ កាលដែលចិញ្ចឹមបានផលល្អ បែបនេះគឺពឹងផ្អែកលើ បច្ចេកទេសខ្លះៗ ដែលទទួលបានពីការបណ្តុះបណ្តាល របស់មន្ត្រីជំនាញ បូករួមនឹងការ ដកស្រង់បទពិសោធន៍ តាមវីដេអូពីប្រព័ន្ធយូធូបផងដែរ។ លោកថា ការចិញ្ចឹមមាន់ស្រែយកពូជលក់បែបនេះ គឺលោកអាចភ្ញាស់ពូជកូនបានចំនួន៣ជម្រើស ទៅតាមតម្រូវការរបស់ អ្នកទទួលទិញ។ ពូជមាន់ប្រភេទទី១ គឺភ្ញាស់ចេញពីទូភ្ញាស់ស្ងួតរោម អាយុក្រោម១ថ្ងៃ លោកអាចលក់បាន តម្លៃ១ក្បាល៣៥០០រៀល ចំពោះប្រភេទ២អាយុ១សប្តាហ៍តម្លៃ៤០០០រៀល ចំណែកប្រភេទទី៣វិញ គឺកូនមាន់មានអាយុ២១ថ្ងៃ ក្នុង១ក្បាលតម្លៃ៦០០០រៀល ដោយឡែកប្រភេទទី១និងទី២ គឺមានទីផ្សារខ្ពស់ជាង ប្រភេទទី៣។
ម្ចាស់កសិដ្ឋានមាន់ស្រែ សុផាត ភីអិន បានបន្តថា លោកមានគម្រោង ពង្រីកអាជីវកម្មបន្ថែម ដើម្បីឲ្យទាន់តម្រូវចាំបាច់ ក្នុងការលក់ចេញ បន្តទៅឲ្យកសិករផ្សេងទៀត ឬក៏អតិថិជន។ ព្រោះបច្ចុប្បន្ន នៅក្នុងកសិដ្ឋានរបស់លោក មានពូជមាន់មេសម្រាប់ភ្ញាស់យកស៊ុត ត្រឹមតែចំនួន១២០០ក្បាល និងពូជមាន់ឈ្មោលចំនួន២០០ក្បាល តែប៉ុណ្ណោះ។ ក្នុងរយៈពេល១ខែ កសិដ្ឋានរបស់លោកអាចផលិត បានកូនមាន់ពូជ ចាប់ពី៩០០០ក្បាលឡើងទៅ តែយ៉ាងណាក៏ដោយ ចំនួននេះនៅមិនទាន់ឆ្លើយតប គ្រប់តម្រូវរបស់អតិថិជនបាននៅឡើយទេ។ នៅចុងឆ្នាំ២០២១ខាងមុខនេះ លោកនឹងត្រៀមមេពូជមាន់បន្ថែមទៀត ឲ្យបានចំនួន៤០០០០ក្បាល ដើម្បីអាចបញ្ចេញលក់ឲ្យបាន ក្នុង១ថ្ងៃ១០០០ក្បាល សម្រាប់ផ្គត់ផ្គង់ លើទីផ្សារខេត្តបន្ទាយមានជ័យ។
ម្ចាស់កសិដ្ឋានពូជមាន់ស្រែ លោក សុខ សុផាត បានណែនាំឲ្យកសិករ ដទៃទៀត គួរតែចាប់អារម្មណ៍មុខរបរ ចិញ្ចឹមមាន់ស្រែលក់ ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ ព្រោះថាការចិញ្ចឹមមាន់ស្រែ ដែលបានពូជពីការភ្ញាស់នេះ វាមានភាពងាយស្រួល ក្នុងការចិញ្ចឹម និងអាចរកប្រាក់ចំណូលបានខ្ពស់គួសមដែរ បញ្ជៀសពីការចំណាកស្រុក។ ម្យ៉ាងវិញទៀត មុខរបរនេះ វាជួយលើកស្ទួយដល់វិស័យកសិកម្ម ក្នុងប្រទេសកម្ពុជាយើង ពិសេសគឺបង្កើនជីវភាព ប្រចាំថ្ងៃនៅក្នុងសហគមន៍៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ