More

    អភិបាលខេត្តកំពត ណែនាំឲ្យមន្ត្រីជំនាញ កំណត់អត្តសញ្ញាណឲ្យច្បាស់ មុនចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ

    spot_img

    កំពត៖ ដើម្បីបញ្ចៀសបញ្ហាកើតឡើង ពិបាកដោះស្រាយ នៅពេលក្រោយ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះទៅពិនិត្យ និងកំណត់អត្តញ្ញាណក្បាលដី និងអត្តសញ្ញាណ អ្នកកាន់កាប់ដីជាក់ស្តែង ឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព ជាមុនសិន មុននឹងសម្រេច ចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ។

    ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានមានប្រសាស ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងយន្តការ និងការពន្លឿន នៃការអនុវត្តការងារអត្តសញ្ញាណកម្មក្បាលដី និងអត្តសញ្ញាណកម្មមនុស្សពាក់ព័ន្ធ ការកាត់ឆ្វៀលដី និងការផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលស្ថិតក្នុងភូមិសាស្រ្ត ស្រុកទឹកឈូ ខេត្តកំពត។

    ឯកឧត្តមអភិបាលខេត្តកំពត បានលើកឡើង ក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះថា តាមទិន្នន័យអ្នកដាក់ពាក្យស្នើសុំពិនិត្យ និងវាស់វែងដីកាន់កាប់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត មកដល់ពេលនេះ មានចំនួនសរុប៣៩១៣ក្បាលដី ក្នុងចំនួន៣៣៨៦គ្រួសារ ស្មើនឹងផ្ទៃដីចំនួន១២២៤៧ហិចតា ក្នុងភូមិសាស្ត្រស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត។

    ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ការងារវាស់វែងដីនៅតំបន់នេះ មានភាពស្មុគស្មាញណាស់ ដូច្នេះហើយ សូមឲ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលជាក្រុមការងារ ត្រូវយកចិត្តទុកដាក់ សហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការចុះពិនិត្យកំណត់ប្រភេទដី និងម្ចាស់ដីឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព ដើម្បីបញ្ចៀសបញ្ហា កុំឲ្យកើតមានឡើង ក្រោយពេលវាស់វែងរួច។ ហើយមន្ទីរជំនាញរៀបចំដែនដី និងមន្ទីរបរិស្ថានខេត្ត ត្រូវចុះទៅពិនិត្យភូមិសាស្ត្រ ដែលត្រូវខ្វៀលដីជាក់ស្តែង ដើម្បីងាយស្រួលដល់ការវាយតម្លៃ កំណត់អត្តសញ្ញាណកម្មក្បាលដី និងអត្តសញ្ញាណកម្មអ្នកកាន់កាប់ដីពិតប្រាកដ ប្រកបដោយតម្លាភាព កុំឲ្យរង ការរិះគន់ពីមតិមហាជន ឬលេចឮពាក្យ “អ្នកគ្រប់គ្រងអាស្រ័យផលលើដីពិតប្រាកដ មិនទទួលបានដី, បែរជាអ្នកមិនបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង ទទួលបានដីទៅវិញ៕ រូបភាព និងអត្ថបទ៖ ហង្ស សុភាព

    spot_img

    អត្ថបទទាក់ទង

    spot_img