ទំព័រដើម ទំព័រដើម នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកូនមុំ ត្រូវបានពលរដ្ឋរិះគន់រឿងបណ្តោយ ឲ្យមានសិប្បកម្មឈើអត់ច្បាប់ច្រើនកន្លែង

នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកូនមុំ ត្រូវបានពលរដ្ឋរិះគន់រឿងបណ្តោយ ឲ្យមានសិប្បកម្មឈើអត់ច្បាប់ច្រើនកន្លែង

- ពាណិជ្ជកម្ម -

រតនគិរី៖ លោក ជា កុណារ៉ា ប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុកកូនមុំ នៃខេត្តរតនគិរី បានរងការរិះគន់ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណៈដែលមានសិប្បកម្មកែច្នៃឈើ អត់ច្បាប់ច្រើន មិនឃើញមានមន្ត្រីជំនាញចាត់ការ។

បើតាមក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា លោក ជា កុណារ៉ា ដែលមានតួនាទី គ្រប់គ្រងព្រៃឈើ នៅស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង គឺបានបណ្តែតបណ្តោយ ឲ្យមានសិប្បកម្មកែច្នៃឈើខុសច្បាប់ច្រើន ដោយគ្មានចំណាត់ការ។ ជាក់ស្ដែង ដូចជានៅក្នុងភូមិ២ ឃុំត្រពាំងច្រេះ ស្រុកកូនមុំ មានសិប្បកម្មកែច្នៃឈើមួយកន្លែង របស់ឈ្មោះ ឡេង ត្រូវបានគេដឹងថា ធ្វើដោយគ្មានច្បាប់ជាយូមកហើយ និងមានសិប្បកម្មរបស់ឈ្មោះ ខាត់ និងច្រើនកន្លែងទៀត ដែលគេដឹងថា ធ្វើឡើងដោយអត់ច្បាប់ និងប្រមូលទិញឈើខុសច្បាប់ ពីក្រុមឈ្មួញជាដើម។ លើសពីនេះទៀត ក៏នៅមានការកាប់បំផ្លាញព្រៃឈើ យកមកដុតធ្វើធ្យូងសម្រាប់លក់ ឲ្យទៅក្រុមឈ្មួញផងដែរ តែហាក់ដូចជាគ្មានការអើពើ ពីមន្ត្រីជំនាញសោះ។

ចំពោះករណីដែលពលរដ្ឋ រិះគន់លើការគ្រប់គ្រងរបស់ មន្ត្រីជំនាញមេព្រៃនេះ ក្រុមអ្នកយកព័ត៌មានយើង មិនទាន់អាចសុំការបកស្រាយ បំភ្លឺពីលោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកូនមុំ បាននៅឡើយទេ ដោយសារទូរស័ព្ទចូលជាច្រើនលើក គ្មានអ្នកទទួល។

យ៉ាងណាក៏ដោយ ពលរដ្ឋមិនចង់រិះគន់លើការគ្រប់គ្រង របស់មន្ត្រីជំនាញមេព្រៃទេ គ្រាន់តែចង់ឲ្យមេព្រៃ មានការយកចិត្តទុកដាក់ និងទប់ស្កាត់ឲ្យបានល្អជាងនេះ កុំឲ្យមានអំពើខុសច្បាប់ ដែលបំផ្លាញព្រៃឈើបែបនេះ៕ រូបភាព និងអត្ថបទ៖ ម៉ី ឌីន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម