More

    នគរបាលដែលផឹកស៊ី ចាក់នគរបាលគ្នាឯង១កាំបិត ត្រូវបានជនរងគ្រោះប្តឹងពីបទប៉ុនប៉ង មនុស្សឃាតដោយចេតនា

    spot_img

    រតនៈគិរី៖ រឿងហួសចិត្ត កំពុងធ្វើឲ្យមហាជនសើចចំអក ខណៈដែលនគរបាល និងនគរបាល នៅខេត្តរតនគិរី ដែលមានពាក់ស័ក្តពេញស្មា មានតួនាទីសុទ្ធតែធំៗ ទំនេរបែរជាផឹកស៊ីជុំគ្នា រហូតស្រវឹង បង្កជាជម្លោះកាប់ចាក់គ្នាឯង បណ្តាលឲ្យម្នាក់រងរបួសធ្ងន់ ម្នាក់ត្រូវដកបញ្ឈរជើង។

    ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ប្រហែល១១និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ​ខេត្តរតនគិរី។

    បើតាមការបង្ហើបឲ្យដឹង ពីប្រភពមួយបានរៀបរាប់ថា នៅយប់កើតហេតុ មាននគរបាល២រូប ម្នាក់ឈ្មោះ រុំ សារិទ្ធ និងម្នាក់ទៀតឈ្មោះ ហេង គោរព បានមកជុំគ្នាផឹកស៊ី ជាមួយនឹងអ្នកធ្វើការ មានមុខមាត់ល្បីដូចគ្នា ប្រហែល៥នាក់ផ្សេងទៀត នៅផ្ទះឈ្មោះ នី ទីតាំងខាងលើ ដែលជាកន្លែងសម្រាប់ផឹកស៊ីសព្វដង ហើយក៏បានទាស់សម្តីគ្នា ទំនងជាមានគំនុំចាស់ស្រាប់ រហូតឈានដល់ការ បង្កហិង្សាដាក់គ្នា។

    ប្រភពដដែលបានបញ្ជាក់ថា នៅវេលាកើតហេតុ ពេលទាស់សម្តីគ្នា ឈ្មោះ រុំ សារិទ្ធ បានយកស្រាបៀរកំប៉ុង កប់លើឈ្មោះ ហេង គោរព ក្រោយមក ឈ្មោះ ហេង គោរព បានឡើងមករកឈ្មោះ រុំ សារិទ្ធ តែត្រូវឈ្មោះ រុំ សារិទ្ធ យកកូនកាំបិតដែលសម្រាប់ហាន់សាច់ក្លែម ចាក់លើឈ្មោះ ហេង គោរព ចំម្តុំសៀតផ្កា បណ្តាលឲ្យដួលលើដី រងរបួសធ្ងន់ ដោយបាក់ចុងកាំបិទជាប់ និងសាច់ថែមទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

    សូមបញ្ជាក់ថា ភាគ្គីខាងអ្នករងរបួស ដែលមានឈ្មោះ ហេង គោរព ត្រូវបានគេដឹងថា មានអាយុ៣៦ឆ្នាំ ពាក់ស័ក្តិ៥ តួនាទីជានាយរង ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំណែកអ្នកកាន់កាំបិតចាក់ ដែលមានឈ្មោះ រុំ សារិទ្ធ ត្រូវបានគេស្គាល់ដែរថា មានអាយុ៤៥ឆ្នាំ ពាក់ស័ក្តិ៤កន្លះ ជាអធិការរងស្រុកអូរជុំ ខេត្តរតនគិរីនេះ។

    ករណីទំនាស់ក្នុងវង់ផឹកស៊ី បង្កឲ្យមានអ្នករបួសបែបនេះ ភាគ្គីខាងលោក ហេង គោរព ដែលជាជនរងគ្រោះ បានដាក់ពាក្យប្តឹង ទៅស្ថាប័នតុលាការ ឲ្យជួយរកយុត្តិធម៌ ខណៈដែលសំណុំរឿងនេះ ក៏កំពុងត្រូវបានមានអ្នក អន្តរាគមន៍ខ្វាត់ខ្វែង និងចរចារជារឿយៗផងដែរ តែមិនទាន់បានលទ្ធផល។

    យ៉ាងណាក៏ដោយ មកដល់ថ្ងៃនេះ អធិការរងដែលបានបង្ករបួសស្នាម ដាក់លើនាយរងការិយាល័យព្រហ្មទណ្ឌ នោះត្រូវបានជនរងគ្រោះប្តឹង ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយក៏ត្រូវបានដកឲ្យបញ្ឈរជើងផងដែរ។

    ជុំវិញបញ្ហានគរបាលផឹកស៊ីស្រវឹង រហូតឈានដល់កាប់ចាក់គ្នាឯងនេះ បានធ្វើឲ្យមហាជន ក៏ដូចជាប្រជាពលរដ្ឋ កំពុងតែងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែលមន្ត្រីនគរបាល ដែលជាអ្នកមានបុណ្យស័ក្តិ មានតួនាទីខ្ពស់ ដែលត្រូវផ្តល់គម្រូ ឲ្យប្រជាពលរដ្ឋ បែរជាយកពេលទំនេរ ទៅណាត់គ្នាផឹកស៊ី ហើយបង្កជាជម្លោះ ផ្អើលគេផ្អើលឯកបែបនេះទៅវិញ។ ហើយពលរដ្ឋ ក៏កំពុងចាំមើលដែរថា តើជនរងគ្រោះជាសមត្ថកិច្ច ហើយជនដៃដល់ជាសមត្ថកិច្ចដូចគ្នានេះ លទ្ធផលនឹងទៅជាយ៉ាងណា?៕ រូបភាព​ និងអត្ថបទ៖ ម៉ី ឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img