More

    អភិបាលខេត្តប៉ៃលិនគ្រោង តុបតែងសួនស្តេចកនសេះ៨ឡើងវិញ ដើម្បីបង្កើនសោភ័ណភាពក្រុង

    spot_img

    ប៉ៃលិន៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញពិនិត្យមើលសួនស្តេចកន (សេះ៨) ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីគ្រោងធ្វើការជួសជុលកែរលម្អ និងបំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណ ក្នុងគោលបំណង លើកកំពស់សោភ័ណភាព និងសុខមាលភាពសាធារណៈរបស់ខេត្ត។

    លោកជំទាវ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលខេត្តប៉ៃលិន នឹងខិតខំកែរលម្អ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ដាំដើមផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការ របស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតង ប្រកបដោយសោភ័ណភាព ស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។

    នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតអនាម័យ តាមនមុខផ្ទះ និងតាមទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រចាំ ជាពិសេស អាជីករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ គត់មត់ និងនាំយកទៅទុកដាក់ ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាម គ្មានសណ្តាប់ធ្នាប់ នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថាន និងបង្កើនសោភ័ណភាពទីក្រុង របស់យើងបានល្អ។

    សូមបញ្ជាក់ថា៖ អាជ្ញាធរខេត្តប៉ៃលិន គ្រោងនឹងបំពាក់ឧបករណ៍ និងសម្ភារៈហាត់ប្រាណ នៅសួនស្តេចកន (សេះ៨) និងនៅសួនកុមារខាងមុខសាលាខេត្ត នាពេលខាងមុខនេះ ដើម្បីផ្តល់សេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img