បន្ទាយមានជ័យ៖ ក្រោយមានថ្នាក់លើដាក់បទបញ្ជា ឲ្យបិទច្រករបៀងទាំងអស់ ដើម្បីបង្កាកុំឲ្យមានករណី ជួញដូរអាវុធ ជួញដូរគ្រឿងញៀន ទំនិញគេចពន្ធ និងការជួញដូរមនុស្សជាដើម ក៏គេនៅតែសង្កេតឃើញថា នៅក្នុងភូមិសាស្ត្រ ភូមិចំបក់ ឃុំបឹងបេង ជាប់ព្រំប្រទល់ ជាមួយភូមិភ្នំរូង ក្បែរព្រំដែនកម្ពុជាថៃ នៅតែមានមេខ្យល់ អាចនាំពលរដ្ឋឆ្លងដែន ដោយខុសច្បាប់បានដដែល ហាក់ដូចមានការបើកផ្លូវធូលាយយ៉ាងដូច្នេះ។
តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅភូមិចំបក់ បានលួចបង្ហើបឲ្យដឹងថា មានក្រុមមេខ្យល់ បានដឹកជញ្ជួនពលករខ្មែរ មកពីបណ្តាខេត្តក្រុងផ្សេងៗ ជារៀងរាល់ថ្ងៃ ជូនចូលទៅប្រទេសថៃ តាមច្រករបៀង ខណៈប្រទេសថៃកំពុងបិទផ្លូវ តាមបន្ទាត់ព្រំដែន យ៉ាងតឹងរឹង។
ពលរដ្ឋដដែលរាយការណ៍ទៀតថា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ពួកគាត់បានឃើញ រថយន្ត សេរីទំនើប១គ្រឿង ដឹកពលករ ចូលទៅផ្ទះមេខ្យល់ ខាងស្តាំដៃប៉ុស្តិ៍វរសេនាតូច នគរបាលការពារព្រំដែនគោក ៨១៥ ក្នុងភូមិចំបក់ ក្បែច្រករបៀងបឹងបេង ប្រហែល១០០ ទៅ២០០មែត្រ។ បន្ទាប់មក មានមេខ្យល់ជាស្រ្តីម្នាក់ បាននាំពលករប្រុស្រីប្រហែល៥ទៅ៦នាក់ ដើរតម្រង់បម្រុងឆ្លងដែន ចូលទៅប្រទេសថៃ។ តែដោយសារ ឃើញគេតាមថត មេខ្យល់នោះ បានគេចខ្លួនភ្លាមៗ រត់ចោលពលករប្រុស-ស្រីទាំងនោះ ទុកឲ្យពួកគាត់នៅ កណ្តាលវាលស្រែ។
បើតាមប្រភពពីពលករម្នាក់ មកពីខេត្តបាត់ដំបង បានឲ្យដឹងថា ពួកគាត់មានគោលបំណងឆ្លងដែនចូល ទៅប្រទេសថៃ ដើម្បីសុីឈ្នួលបេះផ្លែឈើ យកប្រាក់ចិញ្ចឹមគ្រួសារ។ ពួកគាត់បន្តថា ការឆ្លងដែនដោយខុសច្បាប់នេះ មេខ្យល់យកប្រាក់ពីពួកគាត់ ក្នុង១នាក់(២ពាន់បាត)ទៅ(៣ពាន់បាត) ដោយអះអាងថា ធានាលើការឆ្លងដែន ដោយសុវត្ថិភាព។ ពលករដដែល និយាយថា មេខ្យល់ដែលយកប្រាក់ពីគាត់ បានប្រាប់គាត់ថា មិនចាំបាច់ភ័យ ពីនគរបាល នៅច្រកបឹងបេងឡើយ គឺមេខ្យល់ ជាអ្នករ៉ាប់រង ហើយបានចរចារត្រូវរ៉ូវអស់ហើយ។
ពាក់ព័ន្ធ នឹងបញ្ហាពលករឆ្លងដែន ដោយខុសច្បាប់នេះ នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ប៊ុន គុណ មេប៉ុស្តិ៍ បឹងបេង បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ករណីនេះ មិនមានពលករឆ្លងដែន ចូលទៅប្រទេសថៃនោះទេ គឺលោកតែងតែដាក់កម្លាំង ឲ្យចុះយាម និងល្បាតជាប្រចាំ។ លោកថាករណីពលករប្រាប់ថា មេខ្យល់បានបង់លុយ ឲ្យនគរបាលក៏មិនពិតដែរ។
ជុំវិញរឿងឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់នេះដែរ នៅរសៀលថ្ងៃដដែលនេះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក៨១៥ មិនបានបញ្ជាក់អ្វីច្រើននោះទេ ដោយគ្រាន់តែនិយាយថា ករណីនេះលោកមិនបានដឹងទេ ចាំលោកសួរមេបញ្ជាររង ទទួលកិច្ចការនេះសិន ហើយក៏បិទទូរស័ព្ទ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងនគរបាលខេត្ត បន្ទាយមានជ័យ ទទួលកិច្ចការព្រំដែន បានមានប្រសាសថា គាត់បានបញ្ជាឲ្យបិទច្រកអស់ហើយ តែបើនៅមានបែបនេះទៀត សូមផ្ញើររូបឲ្យលោកមើលផង៕ រូបភាព និងអត្ថបទ៖ សន សុង