More

    ដីព្រៃកោងកាង និងព្រៃលិចទឹក កំពុងរងការចាក់លុបបំផ្លាញ នៅក្នុងក្រុងខេមរភូមិន្ទ

    spot_img

    កោះកុង៖ ប្រជាពលរដ្ឋរាយការណ៍ថា ដីព្រៃលិចទឹក និងព្រៃកោងកាង ដែលកន្លងមកជាសម្បត្តិសាធារណៈ ពលរដ្ឋធ្លាប់អាស្រ័យផល ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុង ត្រូវបានអ្នកមានអំណាច ចាក់ដីលុបទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញញើតនឹងច្បាប់ ឬមិនខ្វល់ពីការបំផ្លាញ ធនធានធម្មជាតិឡើយ។

    បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភ ពីការបាត់បង់ធនធាន ធម្មជាតិ ដែលពួកគាត់ធ្លាប់អាស្រ័យផល និងប្រកបរបរចិញ្ចិមជីវិត ដូចជាដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិតជាដើម តែបច្ចុប្បន្ន ព្រៃលិចទឹកតំបន់នេះ ត្រូវបានគេចាក់ដីលុបបាត់អស់ទៅហើយ ចំណែកកន្លែងផ្សេងទៀត ក៏បានលុបហិនហោយដូចគ្នាដែរ ទៅថ្ងៃមុខទៀត ពួកគាត់ច្បាស់ជាពិបាក ក្នុងការប្រកបរបរ បែបលក្ខណៈគ្រួសារបែបនេះទៀតហើយ។

    ក្រុមប្រជាពលរដ្ឋដដែល បានបង្ហើបទៀតថា អ្នកដែលហ៊ានចាក់ដី លុបព្រៃលិចទឹក និងព្រៃកោងកាង យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងរំភើយបែបនេះ គឺត្រូវបានពួកគាត់ស្គាល់ថា មានឈ្មោះ ម៉ា ទី ជាប៉េអឹមខេត្តកោះកុងនេះ ព្រោះពលរដ្ឋធម្មតា មិនដែលសូវហ៊ាន ធ្វើបែបនេះនោះឡើយ។ ពលរដ្ឋក៏បាន ឆ្ងល់ដែរថា តើដីខាងលើនេះ ចេញប្លង់កម្មសិទ្ធិបានដែរឬទេ? ហើយតើប្លង់កម្មសិទ្ធិគេត្រូវវាស់យ៉ាងដូចម្តេច ទើបអាចព័ទ្ធយកព្រៃលិចទឹកបានបែបនេះ? ម៉្យាងទៀត ពលរដ្ឋកំពុងឆ្ងល់ដែរថា គេនាំគ្នាដាំព្រៃកោងកាង ដើម្បីបង្កើតជាជម្រកមច្ឆាជាតិ ចុះហេតុអ្វី? ពេលដែលព្រៃលិចទឹកនេះមានស្រាប់ហើយ បែរជាខំបំផ្លាញទៅវិញ។

    ពាក់ព័ន្ធការចាក់ដីនេះលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកបានចាត់ឱ្យ លោក កាយ ក្រុង និងលោក ហួត ហេង ចៅសង្កាត់ និងចៅសង្កាត់រងទី១ ស្ទឹងវែង ចុះពិនិត្យ រួចធ្វើការហាមឃាត់ម្ចាស់ទីតាំ ឈ្មោះ ម៉ា ទី ឱ្យធ្វើការផ្អាកចាក់ដីលុបព្រៃលិចទឹក ជាបណ្តោះអាសន្ន រងចាំជំនាញវាស់វែង និងមានឯកសារត្រឹមត្រូវសិន។

    ពេលដែលអាជ្ញាធរចុះទៅដល់ លោក ម៉ា ទី ជាអ្នកចាក់ដី បានប្រាប់អ្នកយកព័ត៌មានថា ទីតាំងរបស់លោក មានគណៈកម្មការ បានចុះមកកំណត់ទីតាំងត្រឹមបោះបង្គោលហ្នឹង រួចឱ្យគាត់ទាញខ្សែរទៅតាមនឹងទៅ។ លោក ម៉ា ទី បានបញ្ជាក់ប្រាប់ថា លោកមិនទាន់មានឯកសារទេ តែលោកចាក់ដីនេះ ទៅតាមការកំណត់ របស់មន្ត្រីដែលបានកំណត់ឱ្យ។

    ទាក់ទងទៅនឹងការយកដី ចាក់លុបដីព្រៃលិចទឹកខាងលើនេះដែរ លោក អ៊ុង សំអឿន នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកោះកុង ធ្លាប់បានប្រាប់អ្នកសារព័ត៌យើងឱ្យដឹងដែរថា រាល់ការស្នើរសុំចាក់បំពេញអាចម៍ដី របស់លោក ម៉ា ទី លោកបានទទួលឯកសារហើយ តែមិនទាន់បានបញ្ជាក់អនុញ្ញាតិនៅឡើយទេ រងចាំគណៈកម្មការ ចុះពិនិត្យមើលសិន។ ប៉ុន្តែក្រោយពីមានចៅសង្កាត់ ចុះទៅពិនិត្យជាក់ស្តែងលើទីតាំងដី កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅនេះ ស្រាប់តែនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក អ៊ុង សំអឿន បានប្រាប់តាមទូរស័ព្ទថា ទីតាំងចាក់ដីរបស់លោក ម៉ា ទី អាជ្ញាធរមិនត្រូវមាន ការហាមឃាត់គេនោះទេ ព្រោះទីតាំងនោះ ត្រូវបានគណៈកម្មការ ចុះកំណត់រួចហើយ កាលពីថ្ងៃទី១៥ ខែធ្នូ នេះ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img