
ប៉ៃលិន៖ យុវជនម្នាក់ ជាកម្មករនៅក្នុងចម្ការកៅស៊ូមួយកន្លែង បានកើតជម្ងឺគ្រុនក្តៅ លុះបត់ជើងតូចអត់ចេញបណ្តាលឱ្យឈឺចុកចាប់យ៉ាងខ្លាំង ហើយមិនដឹងធ្វើយ៉ាងណា ក៍ទូរស័ព្ទហៅរថយន្តសង្គ្រោះ របស់មណ្ឌលតំណាងរាស្ត្រខេត្ត ឱ្យដឹកទៅសង្គោះនៅមន្ទីរពេទ្យ បង្អែកខេត្តទាន់ពេលវេលា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១៧នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។
ប្រភពព័ត៍មាន បានឱ្យដឹងថា យុវជនជនរងគ្រោះ មានឈ្មោះ សឿន ម៉េង អាយុ១៨ឆ្នាំ ជាកម្មករក្នុងចម្ការកៅស៊ូ។
ប្រភពព័ត៍មានពីលោក ជា សុខជឿន ក្រុមការងារក្នុងមណ្ឌលតំណាងរាស្រ្ត បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងតាមទូរស័ព្ទថា មានយុវជនម្នាក់ជាកម្មករនៅ ក្នុងចម្ការកៅស៊ូបត់ជើងតូចអត់ចេញ បណ្តាលឱ្យស្ទះអស់រយៈពេលយូរ ធ្វើឱ្យឈឺចុកចាប់យ៉ាងខ្លាំង ទ្រាំលែងបាន ទើបទាក់ទងទៅខាងលោក និងក្រុមការងារ ឱ្យប្រញាប់បើករថយន្តសង្គ្រោះឆ្ពោះទៅកន្លែងកើតហេតុ ដើម្បីដឹកយកយុវជនរូបនោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
លោកបន្តទៀតថា បន្ទាប់ពីដឹកជនរងគ្រោះ ទៅដល់មន្ទីរពេទ្យភ្លាម ដោយមានការយកចិត្ត ទុកដាក់ពីសំណាក់លោកគ្រូពេទ្យ ដោយធ្វើការសង្គ្រោះភ្លាមៗ រូបគេអាចបត់ជើងតូចបានហើយ ក៍មានសភាពធូរស្រាលជាងមុន ដោយបន្តព្យាបាលជម្ងឺរហូតដល់ជាសះស្បើយ ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ