More

    ជម្លោះរឿងម្តាយក្មេកត្រូវការដីបញ្ចុះសព កូនប្រសារមិនព្រមឲ្យអូសបន្លាយពេល៧ឆ្នាំ ត្រូវបានដោះបញ្ចប់ជាស្ថាព័រហើយ

    spot_img

    ដោះស្រាយបានសម្រេចហើយ រឿងម្តាយក្មេក និងកូនប្រសារ ឈ្លោះគ្នាដណ្តើមដីកេរ្តិ៍អាករ ក្រោយអភិបាលខេត្តកំពត ចេញមុខសម្របសម្រួលផ្ទាល់

    កំពត៖ ក្រោយពីមានជម្លោះដ៏រ៉ាំរ៉ៃ អស់រយៈពេល៧ឆ្នាំមកហើយ និងបានដាក់ពាក្យប្តឹងផ្តល់គ្នា ទៅវិញទៅមក អូសបន្លាយពេលរាប់សិបខែ មិនទទួលបានលទ្ធផល នៅពេលនេះអាជ្ញាធរខេត្តកំពត បានដោះស្រាយវិវាទនេះ បញ្ចប់ដោយជោគជ័យហើយ តាមគោលនយោបាយឈ្នះៗ ដោយភាគ្គីទំនាស់ព្រមទទួលយកទាំងសងខាង។

    ប្រជាពលរដ្ឋ ដែលជាភាគ្គីទំនាស់ ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បាននាំគ្នាសម្តែងការសប្បាយចិត្ត និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្តកំពត ដែលបានយកចិត្តទុកដាក់ ដោះស្រាយវិវាទ ដ៏រ៉ាំរ៉ៃនេះជូនពួកគាត់ដោយជោគជ័យ ខណៈដែលកន្លងមក ពួកគាត់បានប្តឹងផ្តល់ ជាយូមកហើយ មិនមានលទ្ធផល។ ពលរដ្ឋដដែល បានបញ្ជាក់ដូចគ្នាថា ពួកគាត់យល់ស្របតាម ការដោះស្រាយរបស់អាជ្ញាធរខេត្តកំពត ព្រោះមិនចង់ចំណាយពេលវេលា ប្តឹងផ្តល់ និងឈ្លោះប្រកែកគ្នាតទៅទៀត វាមានតែការខាតបង់ ទាំងសងខាងតែប៉ុណ្ណោះ។

    សូមបញ្ជាក់ថា លទ្ធផលនៃការដោះស្រាយទំនាស់ដីធ្លីនេះ ភាគ្គីទាំងសងខាង បានឯកភាពគ្នា ព្រមពុះដីជា២ចំណែក តាមការសម្របសម្រួល របស់អាជ្ញាធរខេត្តកំពត ដោយភគ្គីខាងម្តាយក្មេក ទទួលបានដីចំនួន៤០% ចំណេកខាងកូនប្រសារវិញ ដែលជាអ្នកថែរទាំជាប្រចាំ ព្រមទទួលយកចំនួន៦០% នៃផ្ទៃដីសរុបចំនួនជាង២ហិចតា ក៏ប៉ុន្តែចំពោះទីកន្លែង ធ្វើម៉ុងសម្រាប់ទុក បញ្ជុះសព ភាគ្គីទាំងសងខាង បានឯកភាពគ្នា ដើម្បីស្វែងរកកន្លែងថ្មី។

    គួរបញ្ជាក់ថា សំណុំរឿងឈ្លោះប្រកែកគ្នា រឿងដីដំណាំចម្ការធូរេននេះ បានធ្វើឲ្យភាគ្គីទាំងសងខាង រងទុកលំបាក៧ឆ្នាំមកហើយ ដោយភាគ្គីម្ខាងៗ មានហេតុផលរៀងៗខ្លួន ធ្វើឲ្យផ្ទៃដីប្រមាណជាង២ហិចតា ដែលកើតទំនាស់នេះ មិនអាចចេញប្លង់កម្មសិទ្ធិបានឡើយ។

    កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីមានសភាពការណ៍បែបនេះកើតឡើង និងមានការសំណូមពរ ពីភាគ្គីពាក់ព័ន្ធ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះទៅពិនិត្យដល់គោលដៅទំនាស់តែម្តង និងបានដោះស្រាយចំពោះមុខ រហូតបានបើកកិច្ចប្រជុំពិសេស ចំនួន២ដងបន្ថែមទៀត ទើបដំណោះស្រាយនេះ ឈានដល់ចំណុចជោគជ័យ។ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ មានប្រសាសថា ក្នុងនាមរដ្ឋបាលខេត្ត លោកមិនចង់ឃើញពលរដ្ឋណាម្នាក់ ឈ្លោះប្រកែក ឬប្តឹងផ្តល់គ្នា ទៅតុលានោះទេ ហើយក្នុងនាមជាអ្នកដឹកនាំខេត្តមួយរូប លោកស្នើសុំឲ្យពលរដ្ឋទាំងអស់ មានការយោគយល់ អធ្យាស្រ័យខ្ពស់ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដើម្បីកុំឲ្យខាត់ពេលវេលា និងថវិការបស់រៀងៗខ្លួន។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា បើសិនជាពលរដ្ឋ មានជម្លោះដីធ្លីណាមួយ ដែលដោះស្រាយមិនចេញ លោកបានលើកទឹកចិត្ត ឲ្យពលរដ្ឋ ដាក់សំណើរសុំអន្តរគមន៍ ដោះស្រាយ មកអាជ្ញាធរខេត្តជាមុនសិន ឬក៏អាចទំនាក់ទំទង មកឯកឧត្តមផ្ទាល់ក៏បាន ដើម្បីមានចំណាត់ការ ដោះស្រាយជូនឲ្យទាន់ពេលវេលា៕ រូបភាព និងអត្ថបទ៖​ មុនី រតនៈ

    spot_img

    អត្ថបទទាក់ទង

    spot_img