More

    នាយទាហានម្នាក់ឈឺធ្ងន់ដេកមួយកន្លែង ដង្ហើយរកជំនួយពីមហាជន

    spot_img

    ប៉ៃលិន៖ នាយទាហានម្នាក់ស្រក់ទឹកភ្នែក លើកដៃសំពះដង្ហើយរកជំនួយពីមហាជន ខណៈខ្លួនមានជំងឺធ្ងន់ធ្ងរ ដេកលើកន្ទេលមួយកន្លែង។

    លោក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ព្រំដែនកម្ពុជា-ថៃ មានទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ទាំងទឹកភ្នែក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា រូបលោកជាអតីតមន្រ្តីយោធាប្រចាំការ នៅរាជធានីភ្នំពេញ ជាអង្គរក្សរបស់ឯកឧត្តម មាស សុភា លុះរហូតមកដល់ឆ្នាំ២០០៥ គាត់ក៏បានផ្លាស់ប្តូរការងារ មកប្រចាំការ នៅបន្ទាត់ព្រំដែនវិញម្តង ហើយបានធ្វើជាមេបញ្ជាការកងល្បាតទី១ កងការពារព្រំដែន នៅឆ្នាំ២០១៣។ អកុសល្យនៅឆ្នាំ២០១៨ លោកស្រាប់តែមានជំងឺរលាកសួតធ្ងន់ធ្ងរ ខំធ្វើការផង ព្យាបាលជំងឺផង តែរហូតមកដល់ពេលនេះ ជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរឡើង ធ្វើឲ្យលោកមិនអាចបំពេញ ភារកិច្ចការងារបានឡើយ។ ស្របពេលដែលជីវភាព របស់លោកកំពុងតែទាល់។

    ចំណែកអ្នកស្រី ខៀវ ណាវី អាយុ៤៨ឆ្នាំ ដែលត្រូវជាប្រពន្ធ បានបញ្ជាក់ថា គ្រួសារគាត់ មានកូននៅក្នុងបន្ទុកចំនួន៣នាក់ ហើយកាលពីប្តី របស់គាត់នៅមានកម្លាំងរឹងមាំ គឺបានខិតខំបំពេញភារកិច្ច ជូនជាតិមាតុភូមិយ៉ាងអង់អាចក្លាហាន មិនរាថយនោះឡើយ។ ពេលប្តីរបស់គាត់ ធ្លាក់ខ្លួនឈឺ ព្យាបាលបណ្តើរ បម្រើការងារបណ្តើរ ចំណូលដែលបានពីគ្រួសារទាំងមូល បូករួមទាំងកូនទៀតផង គឺសុទ្ធតែបានយកមកព្យាបាល ប្តីរបស់គាត់ទាំងអស់ តែជំងឺក្នុងខ្លួនប្តីរបស់គាត់ មិនបានធូរស្បើយឡើយ ខណៈដែលជីវភាពគ្រួសាររបស់គាត់ នាពេលនេះ កំពុងធ្លាក់ដុនដាបខ្លាំង គ្មានលទ្ធភាពដើម្បី ទៅព្យាបាលនៅមន្ទីរពេទ្យល្អៗឡើយ ស្របពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតផង ធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់គាត់ កាន់តែយ៉ាប់យ៉ឺន។ បច្ចុប្បន្នពួកគាត់ លក់ទាំងរថយន្ត លក់កេរត្តិ៍អាករ និងបានបញ្ចាំប្លង់ផ្ទះថែមទៀត ដើម្បីយកព្យាបាលជំងឺជំងឺ បច្ចុប្បន្នកំពុងជំពាក់បំណុលគេ។

    លោក វណ្ណ ដាវី និងភរិយា បានសូមអំពាវនាវដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រមុខដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេស គឺលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលទើបឡើងកាន់តំណែងថ្មី សូមមេត្តាជួយក្រុមគ្រួសាររបស់គាត់ ដើម្បីយកទៅព្យាបាលខ្លួន បន្តជីវិតរស់នៅ ជួបជុំប្រពន្ធកូនតទៅទៀត៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img