ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាប្រធានស.ស.យ.ក ខេត្ត បានរៀបរាប់នៅលើ បណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា “ចាប់តាំងពីពេលមាន វត្តមានជម្ងឺកូវីដ-១៩ លើទឹកដីកម្ពុជាយើង កូនៗ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ទាំងអស់ទូទាំង២៥ខេត្ត/រាជធានី។ ដោយឡែក នៅខេត្តប៉ៃលិន ក្រុមការងារយុវជន ក្រុមការងារកាកបាទក្រហម រួមសហការជាមួយ អាជ្ញាធរដែនដី បានចុះបញ្ជ្រាបពន្យល់ណែនាំ ពុកម៉ែបងប្អូនគ្រប់ទីកន្លែង រហូតមកដល់ថ្ងៃនេះ។ ហើយសកម្មភាព ទប់ស្កាត់ ការពារដោយវិធី តាមការណែនាំ របស់ក្រសួងសុខាភិបាល គឺបងប្អូនត្រូវ ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកអាល់កុល ពាក់ម៉ាស់ជាប្រចាំ រក្សាគម្លាតពីគ្នា។ ទាំងអស់នេះ ជាការចូលរួមដើម្បីទប់ស្កាត់ ការរីករាលដាល មេរោគចូលក្នុងសហគមន៍យើង”។
លោកជំទាវ បាន ស្រីមុំ បានប្រកាសបញ្ជាក់ថា “នាងខ្ញុំនិងក្រុមការងារទាំងអស់ នៅរួមសុខរួមទុក្ខ ជាមួយបងប្អូន គ្រប់ពេលវេលា គ្រប់កាលៈទេសៈ សូមពុកម៉ែបងប្អូនទូទាំងខេត្ត បើមានការខ្វះខាត ស្បៀងអាហារ សូមទំនាក់ទំនងក្រុមការងារយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម អាជ្ញាធរដែនដី នៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមការងារ យើងខ្ញុំនឹងចុះជួយសង្គ្រោះ ពុកម៉ែបងប្អូន ឲ្យបានទាន់ពេលវេលា។
យើងមិនបណ្តោយឲ្យ ពុកម៉ែបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាកដោយក្រុមការងារយើងខ្ញុំ ពុំបានដឹង និងពុំបានជួយសង្គ្រោះនោះឡើយ” ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ