ព្រះវិហារ៖ រថយន្តប្រភេទសាន់យ៉ុង១៥កៅអី ពណ៏ទឹកប្រាក់ ដែលពាក់ស្លាកលេខភ្នំពេញ២AL-1464 ត្រូវបានកម្លាំងជំនាញមេព្រៃ ឃាត់ជាប់ខណៈលួចដឹកឈើប្រណិតបង្កប់ក្នុងនោះ តាមផ្លូវចេញពីស្រុកជ័យសែន មកកាន់ទីរួមខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។
បើប្រភពបានឲ្យដឹងថា រថយន្តខាងលើ ជារបស់ឈ្មួញដុះស្លែមួយរូប ដែលគេស្គាល់ថា តែងតែដើរបំផុសបំផុល កៀរគរឲ្យប្រជាពលរដ្ឋ ចូលទៅកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ ដើម្បីលក់ឲ្យរូបគេ ហើយរូបគេដឹកបន្ត យកទៅលក់នៅតាមបណ្តាខេត្តក្រុងនានា ស្ទើរទូទាំងប្រទេស។
ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តខាងលើ ដឹកឈើប្រណិត ប្រភេទឈើធ្នង់ ប្រមាណជិតម្ភៃដុំ បម្រុងលោតឆត្រ័ យកមកលក់ឲ្យម៉ូយ នៅក្នុងខេត្តព្រះវិហារ តែពេលដឹកមកដល់ចំនុចភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក៏ត្រូវបានមេព្រៃត្បែងមានជ័យ បង្ក្រាប ហើយដកហូតឈើ និងរថយន្តយកទៅរក្សាទុក។
ជុំវិញករណីបង្ក្រាប ទៅលើរថយន្តដឹកឈើបទល្មើសនេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងដែរថា កាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នំា២០២០នេះ ជំនាញផ្នែករដ្ឋបាលព្រៃឈើរវៀង ក៏បង្ក្រាបបានរថយន្ត ម៉ាកហាយលិនឌរ័១គ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ2AC-6332 ក្នុងករណីដឹកឈើប្រណិត ប្រភេទឈើធ្នង់នេះដូចគ្ផងដែរ ខណៈដែលចេញពី ស្រុកជ័យសែន ហើយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ត្រង់ចំនុចអូររំចេក ក្នុងទឹកដីនៃស្រុករវៀង បច្ចុប្បន្នរថយន្តរួមនឹងឈើប្រណិតទាំងនោះ ត្រូវបានសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើ ដកហូតនឹងរក្សាទុក ដើម្បីចាត់ការតាមច្បាប់៕ រូបភាព និងអត្ថបទ៖ សួន ក្រែង