More

    ម្ចាស់ភាស៊ីផ្សាររងការរិះគន់ពីអ្នកដំណើរថា បិទយកផ្លូវសាធារណៈធ្វើអាជីវកម្ម សម្រាប់ផ្ញើរម៉ូតូធ្វើឲ្យកកស្ទះ

    spot_img

    បាត់ដំបង៖ ម្ចាស់គ្រប់គ្រងភាស៊ី (អប្សរាផ្សារលើ) រងការរិះគន់ ពីអ្នកដំណើរថា បានយកបារ៉ាស់បិទផ្លូវសាធារណៈ មិនឲ្យឡានម៉ូតូឆ្លងកាត់ ដើម្បីយកជាកន្លែង ដាក់ផ្ញើរម៉ូតូ ធ្វើអាជីវកម្មផ្ទាល់ខ្លួន ធ្វើឲ្យមានការកកស្ទះ ជារៀងរាល់ថ្ងៃ។

    តាមប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរ ក៏ដូចជាអាជីវករ ដែលជាអ្នកលក់ដូរត្រី សាច់ នៅលើចិញ្ចើមផ្លូវ ច្រាំងស្ទឹងសង្កែ ចំណុច(អប្សរាផ្សារលើ) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានលើកឡើងថា ពួកគាត់មានការមិនពេញចិត្ត ចំពោះទង្វើម្ចាស់គ្រប់គ្រង(អប្សរាផ្សារលើ) ដែលបានដាក់បារ៉ាស់បិទផ្លូវ មិនអោយរថយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់ និងដេញមិនអោយមានការលក់ដូរ នៅទីនោះថែមទៀតផង តែបែរជា យកកន្លែងផ្លូវទាំងនោះ ទៅដាក់ផ្ញើរម៉ូតូ គេងយកផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ធ្វើឲ្យអ្នកដំណើរ ពិបាកចេញចូលផ្សារ ស្ទះចរាចរណ៍ និងប៉ះពាល់ដល់មុខរបរ លក់ដូររបស់ពួកគាត់។

    ក្រៅពីអ្នកដំណើររិះគន់ រឿងបិទផ្លូវសាធារណៈ មកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន របស់ម្ចាស់គ្រប់គ្រង (អប្សរាផ្សារលើ)នេះ ក៏មានអាជីវករ ដែលជាអ្នកលក់ដូរជាច្រើននាក់ សំណូមពរឲ្យអាជ្ញាធរ ដោះស្រាយបញ្ហានេះ ដោយពួកគាត់និយាយថា បើមិនអនុញ្ញាតិឲ្យពួកគាត់លក់នៅទីនោះ ក៏មិនគួរយកម៉ូតូ ទៅដាក់ផ្ញើរដើម្បីប្រយោជន៍ ផ្ទាល់ខ្លួនតែម្នាក់ឯងដូច្នេះដែរ។

    ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើនេះដែរ លោក សេង សិរីរតនៈ ជាអ្នកគ្រប់គ្រង(អប្សរាផ្សារលើ) បានឲ្យអ្នកយកព័ត៌មានយើងដឹងដែរថា លោកធ្វើនេះមិនធ្វើដោយចិត្តឯងទេ គឺធ្វើទៅតាមចំណារ របស់អភិបាលខេត្តបាត់ដំបង ដោយសារខ្លាចប៉ះពាល់ ការបាក់ច្រាំងស្ទឹង ដូច្នេះទើបគាត់ សុំធ្វើម៉ិចផ្អាកការលក់ដូរនៅទីនេះ លុះត្រាតែជួសជុលច្រាំងស្ទឹងហើយ ទើបគិតតាមហ្នឹងទៀត។ហើយចំពោះការដាក់ផាស៊ីផ្ញើរម៉ូតូ លើផ្លូវសាធារណៈនេះ លោកថាបើខាងលោក មិនយកម៉ូតូមកដាក់ផ្ញើរកន្លែងនេះទេ អាជីវករនឹងមកលក់ដូរ នៅទីនេះទៀត។

    ករណីនេះផងដែរលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ពាក់ព័ន្ធនឹងការដាក់បារ៉ាស់បិទផ្លូវ ហាមមិនឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ ដោយយកម៉ូតូមកដាក់ផ្ញើរជំនួសបែបនេះ លោកបានឆ្លើយថា ចាំលោកចុះទៅពិនិត្យមើល ដូច្នេះសូមឲ្យពលរដ្ឋ នៅស្ងៀមសិនទៅ ព្រោះខ្លាចក្រែងធ្លាក់ទៅ វាគ្រោះថ្នាក់ដល់អាយុជីវិត។

    គួរបញ្ជាក់ថា យោងតាមលិខិតរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានជម្រាបមកលោកអគ្គនាយកក្រុមហ៊ុន តារ៉ាអុីមផតខូ.អិលធីឌី (អប្សារាផ្សារលើ)ថា ករណីការបាក់ច្រាំងស្ទឹង នៅខាងកើតផ្សារលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រដ្ឋបាលខេត្តសម្រេចផ្អាកការធ្វើចរាចរណ៍ សម្រាប់ឡានធំ និងការលក់ដូរនៅទីនោះ ជាបណ្ដោះអាសន្ន ដើម្បីការពារការបាក់ច្រាំងស្ទឹងបន្ថែម ព្រមទាំងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក និងអាជីវករលក់ដូរនៅទីនោះ ដែលអាចកើតឡើងជាយថាហេតុ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img