បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក្រោយមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង ការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំ សម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងបានបង្រ្កាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ ប្រុស២ កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មាន យើងនាថ្ងៃទី១៦ ខែធ្នូនេះថា ការបង្ក្រាបមុខសញ្ញាគ្រឿងញៀន និងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេស និងធ្វើនៅ២ទីតាំង នៅបន្ទប់ជួយស្ថិតភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រឹបអូសវត្ថុតាងមានចំនួន២វ៉ាលី ហើយបន្តបង្ក្រាបទីតាំងទី២ឃាត់ខ្លួនឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុសអាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងរឹបអូសវត្ថុតាងកេសដែកចំនួន១ ដាក់គ្រឿងញៀន និងអាវុធខ្លី១ដើម។
សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងគ្រឿងញៀន ដែលរិបអូសបាន មានជាង១០ប្រភេទ ទម្ងន់ជិត១០គីឡូក្រាម អាវុធខ្លី១ដើម ហើយត្រូវបានរៀបចំសុំណុំរឿង បញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ៕ រូបភាព និងអត្ថបទ៖ សន សុង និងក្តាមស្រែ