បន្ទាយមានជ័យ៖ ដើររើសអេតចាយ ឃើញទូរស័ព្ទគេសាកថ្មទុកមុខផ្ទះ ទំនងស្ងាត់ចូលលួច ត្រូវអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊យ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង០៩ និង១៣នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ហើយ ដកហូតវត្ថុតាងបានរួមមាន ទូរសព្ទដៃម៉ាកOPPO ចំនួន០២គ្រឿង និងកាំបិត ប្រវែង៣៩សង់ទីម៉ែត្រ០១ដើម។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែងតែធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិ របស់អ្នកដទៃជាញឹកញាប់ ដោយធ្វើសកម្មភាពដើររើសអេតចាយ ហើយបានដាក់កាំបិត ដើម្បីទុកការពារខ្លួន។ កាលថ្ងៃកើតហេតុ ដល់ចំណុចដីស ភូមិសាមគ្គីមានជ័យ ចំណុចផ្ទះដើមបណ្ដឹងនោះ ខ្លួនបានឃើញទូរសព្ទចំនួន០២គ្រឿង ដែលកំពុងសាកថ្ម ហើយម្ចាស់ដេកលក់ ក៏ចូលទៅលួចយក តែត្រូវម្ចាស់ភ្ញាក់ទាន់ ហើយស្រែកឆោឡោ ប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។
ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់បញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកទូរសព្ទដៃចំនួន០២គ្រឿង ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ