រតនៈគិរី៖ រ៉ែត្បូងធម្មជាតិជាច្រើនប្រភេទ នៅក្នុងស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានក្រុមឈ្មួញ ជីកក៏កាយយកធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យ ខណៈដែលមិនមានវិធានការទប់ស្កាត់ ពីមន្ត្រីពាក់ព័ន្ធឡើយ។
បើតាមសេចក្តីរាយការណ៍មួយពីប្រជាពលរដ្ឋ បានឲ្យដឹងថា ស្រុកបកែវ គឺជាស្រុកមួយ ក្នុងចំណោមស្រុកទាំង ៨ផ្សេងទៀត ក្នុងខេត្តរតនគិរី ដែលជាទឹកដីសម្បូរ ដោយរ៉ែ និងត្បូងធម្មជាតិច្រើនជាងគេបង្អស់ តែបច្ចុប្បន្ននេះ កំពុងត្រូវបានក្រុមឈ្មួញកុងសែ រៀបចំចាត់ចែង ប្រមែប្រមូលរុករក ជីកកកាយយករ៉ែត្បូងធម្មជាតិនេះ ស្ទើរតែគ្មានសល់ ដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវឡើយ ខណៈដែលមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក៏មិនទាន់ឃើញចាត់ការនោះដែរ ដែលជាមូលហេតុធ្វើឲ្យពលរដ្ឋ មានការព្រួយបារម្ភ ពីការបាត់បង់ សម្បត្តិធនធានធម្មជាតិ។
ជាក់ស្ដែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ គេបានក្រុមឈ្មួញ កំពុងតែធ្វើសកម្មភាព ជីកយករ៉ែត្បូង តាមអំពីចិត្ត ដោយគ្មានច្បាប់អនុញាតិត្រឹមត្រូវ នៅចំណុចចំកាកៅស៊ូរមួយកន្លែង ដែលពលរដ្ឋបង្ហើបថា មានថៅកែឈ្មោះ ផន ស្ថិតក្នុងស្រុកបរកែវនេះ។ ប្រភពបានបញ្ជាក់ថា អ្នកជីកយករ៉ែឈ្មោះផនខាងលើ គឺជាមន្ត្រីនគរបាលនៅស្រុកតែម្តង។ ក្រៅពីកន្លែងជីកកាយយកត្បូង ដោយអត់ច្បាប់នៅកន្លែងនេះ ក៏នៅមានកន្លែងកាយជីករ៉ែត្បូង យ៉ាងអាណាធិបតេយ្យ ផ្សេងទៀតផងដែរ ដូចជានៅក្នុងចំកាកៅស៊ូរផ្សេងទៀត របស់ឈ្មោះ ប្រុស និងនៅក្នុងចម្ការចន្ទី របស់ឈ្មោះ ផល ដែលជាថៅកែត្បូងជាដើម ក៏ប៉ុន្តែសកម្មភាព ធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់ទាំងនេះ បានដំណើរការរាប់ឆ្នាំមកហើយ មិនទាន់ឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញទប់ស្កាត់នៅឡើយ។
ពាក់ព័ន្ធករណីនេះ លោក ហេង មុន្នី អភិបាលស្រុកបរកែវ បានប្រាប់ក្រុមអ្នកសារព័ត៌មានយើង ឲ្យដឹងថា ពាក់ព័ន្ធនឹងករណីទាំងអស់នេះ លោកបានណែនាំ និងឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ ការជីករុករករ៉ែត្បូងនេះ និងណែនាំឲ្យពួកគាត់ រត់ការច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ ចាំបន្តធ្វើអាជីវកម្មបន្តទៀត។ លោកអភិបាលស្រុក ក៏បានអរគុណដល់អ្នកសារព័ត៌មាន ដែលបានរាយការណ៍ពីរឿងនេះ ហើយលោកនឹងឲ្យកម្លាំងទៅពិនិត្យ ដល់គោលដៅជាបន្ទាន់៕ រូបភាព និងអត្ថបទ៖ ម៉ី ឌីន