បាត់ដំបង៖ ក្រោយពីថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននាំគ្នាចាត់វិធានការ ការពារកូវីដ១៩ យ៉ាងយកចិត្តទុកដាក់ មិនឲ្យមានការប្រមូលផ្តុំគ្នាច្រើន ដើម្បីទប់ស្កាត់ជំងឺនេះ ស្រាប់តែសង្វៀនជល់មាន់ នៅស្រុកសង្កែ ក៏ខំប្រឹងប្រមូលផ្តុំគ្នា លេងកាន់តែខ្លាំងផងដែរ ខណៈដែលមិនមានសមត្ថកិច្ចបង្ក្រាប។
តាមសេចក្តីរាយការណ៍ របស់ក្រុមប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ទីតាំងល្បែងស៊ីសង សង្វៀនជល់មាន់ដ៏ល្បីល្បាញនេះ មានទីតាំងស្ថិតនៅភូមិអូរក្រសាំង ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ដែលជាទីតាំងបើកលេងជាយូមកហើយ មានភាពសុខសាន្តបំផុត ព្រោះមិនមានសមត្ថកិច្ចមករំខានឡើយ។ តែអ្វីដែលជាក្តីកង្វល់របស់ពលរដ្ឋ គឺត្រង់ថា សង្វៀនជល់មាន់នេះ បង្កភាពរញេរញ៉ៃក្នុងមូលដ្ឋាន ប្រឈមនឹងបទល្មើសចោរកម្ម ពិសេសមួយទៀត គឺមានហានិភ័យខ្ពស់ ដល់វិធានការទប់ស្កាត់ ការរាលដាលនៃមេរោគកូវីដ១៩ ដោយសារតែក្រុមអ្នកលេង មិនបានពាក់ម៉ាស ឬមានគម្លាតពីគ្នាឡើយ គឺមានតែការចាក់លុយ ហូរកញ្ច្រៀវ ផ្អើលអ្នកភូមិតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋដដែល បានបន្តថា ពួកគាត់ធ្លាប់បានរាយការណ៍ប្រាប់ អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ ពីបញ្ហានេះ ដើម្បីឲ្យសមត្ថកិច្ចបានឃើញ និងបង្ក្រាប តែកន្លងមក ទីតាំងខាងលើនេះ ហាក់ដូចគ្មានសមត្ថកិច្ចមករំខាន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់ដល់អ្នកសារព័ត៌មានថា ចាំលោកឲ្យជំនាញចុះពិនិត្យមើល ទីតាំងខាងលើនេះ។
ចំណែកលោកវរៈសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានប្រាប់ឲ្យដឹងដែរថា ករណីនេះលោកមិនបានដឹងអំពី ទីតាំងល្បែងនេះឡើយ ព្រោះអ្នកលេងលួចលាក់រហូត។
គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ អធិការនគរបាលស្រុកសង្កែ ធ្លាប់បានមានប្រសាសថា លោកនឹងមិនឲ្យមានល្បែងស៊ីសងក្នុងតំបន់គ្រប់គ្រង របស់លោកឡើយ ហើយចំពោះទីតាំងល្បែងស៊ីសង មាន់ជល់មួយនេះ នៅមិនទាន់មានប្រភពបញ្ជាក់ថា ជារបស់នរណា ឬជើងខ្លាំងប៉ុណ្ណាឲ្យពិតប្រាកដឡើយ ទើបអាចឈរជើងក្នុង ស្រុកសង្កែបានយ៉ាងល្អ ដោយគ្មានការរំខានពីសមត្ថកិច្ចបែបនេះ ម៉្យាងទៀតពលរដ្ឋនិយាយថា បើសិនសមត្ថកិច្ចមិនបង្ក្រាប ទីតាំងល្បែងស៊ីសងនេះទេ ក្នុងសាច់រឿងនេះច្បាស់ជាមានអាថកំបាំង នៅពីក្រោយខ្នងជាក់ជាមិនខាន៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ