ប៉ៃលិន៖ ប្រជាពលរដ្ឋជិត១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តប៉ៃលិន កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដើម្បីសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បន្ទាប់ពីឃើញដីកា របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បង្គាប់ឱ្យពលរដ្ឋចូលខ្លួននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សា លើអ្នកកាន់កាប់អចលនវត្ថុ។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋ ដែលនាំគ្នាមកតវ៉ា នៅមុខសាលាខេត្តប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីទទួលបានដីកាបង្គាប់ឱ្យចូលខ្លួន ពីចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន កាលពីប៉ុន្មានថ្ងៃមុននេះ ពួកគាត់ពិតជាមានការភិតភ័យយ៉ាងខ្លាំង ដេកមិនលក់បក់មិនល្ហើយ ទើបនៅព្រឹកថ្ងៃនេះ ពួកគាត់បាននាំគ្នាធ្វើដំណើរ មកសាលាខេត្តប៉ៃលិន ដើម្បីឱ្យឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ជួយអន្តរាគមន៍ ដល់ពួកគាត់ ពាក់ព័ន្ធការចោទប្រកាន់ ពីបទប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលប្រព្រឹត្តទៅនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីអំឡុងឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦។ ប្រជាពលរដ្ឋក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមអភិបាលខេត្តប៉ៃលិន ឱ្យជួយអន្តរាគមន៍ជូនពួកគាត់ផង ខណៈជិតដល់ថ្ងៃចូលជួប តុលាការ ឆាប់ៗខាងមុខនេះហើយ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ចេញ ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត គឺខាងខេត្ត មានសិទ្ធិអាចជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ ព្រោះខាងខេត្ត ជាតំណាងរាជរាដ្ឋាភិបាលថ្នាក់ក្រោមជាតិ តែងនៅឈរខាងប្រជាពលរដ្ឋ តែបើលូកដៃចូលជ្រៅ ក្នុងរឿងកិច្ចការ តុលាការ គឺមិនអាចនោះទេ។ លោកបានបញ្ជាក់ទៀតថា ខាងខេត្ត នឹងតាមដានមើល សកម្មភាពរឿងរ៉ាវខាងលើនេះ ពេលប្រជាពលរដ្ឋចូលទៅបំភ្លឺនៅតុលាការ។
សូមបញ្ជាក់ថា រឿងដីធ្លីនៅចំណុចខាងលើនេះ កាលពីប៉ុន្មានឆ្នាំមុន ខាងអាជ្ញាធរខេត្ត ធ្លាប់បានចុះសម្របសម្រួល អស់រយៈពេល៣ដងរួចមកហើយ ពេលនោះប្រជាពលរដ្ឋខ្លះ យល់ព្រមទៅរស់នៅលើដីថ្មី ដែលអាជ្ញាធររៀបចំចែកឱ្យ តែពលរដ្ឋខ្លះមិនយល់ព្រមទៅទេ នៅក្រាញ់ននៀល ចង់បានដីកន្លែងចាស់ដដែលនេះ។ ចំណែកអ្នកខ្លះទៀត បានទៅរស់នៅលើដីថ្មីហើយ បែរជារត់មករស់នៅកន្លែងដីចាស់នេះទៅវិញក៏មាន ទើបធ្វើឱ្យមានការដោះស្រាយ មិនចេះចប់មិនចេះហើយ ខណៈដែលពលរដ្ឋខាងលើអះអាងថា ពួកគាត់បានរស់នៅលើដីនេះ២០ឆ្នាំ អាជ្ញាធរមិនចេញប្លង់ឲ្យ ចំណែកអាជ្ញាធរវិញថា ដីខាងលើនេះ មានប្លង់ឈ្មោះអ្នកផ្សេងរួចអស់ហើយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ