More

    អភិបាលខេត្តប៉ៃលិន៖ កន្លែងលក់ដូរ ឬកន្លែងកម្សាន្តដែលមិនគោរពតាម ការណែនាំរបស់ក្រសួង នឹងប្រឈមការបិទទ្វារ

    spot_img

    ប៉ៃលិន៖ គេសង្កេតឃើញ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារមកពីតាមមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យ និងអប់រំណែនាំ ព្រមទាំងផ្សព្វផ្សាយ អំពីវិធានការការពារ ពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅចំណុចផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងផ្សារសាមគ្គី ហៅប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    ក្នុងការចុះផ្សព្វផ្សាយពីវិធាន ការការពារជម្ងឺនេះ ក៏មានក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន អមដំណើរផងដែរ
    ប្រភពព័ត៌មានបានឱ្យដឹងថា លោកអភិបាលខេត្តប៉ៃលិន បានធ្វើការដាស់តឿន ក្រើនរំលឹ ក ឱ្យប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករលក់ដូរនៅក្នុងផ្សារ ត្រូវរឹតបន្តឹងបន្ថែមទៀត ខណ:ជម្ងឺកូវីដ១៩ ដ៏កាចសាហាវ១នេះ កំពុងរីករាលដាលនៅលើពិភព លោកក៏ដូចជាប្រទេសកម្ពុជា ដោយត្រូវឱ្យយើងរាល់គ្នាយកចិត្តទុកដាក់ គោរពឱ្យបានខ្ជាប់ខ្ជូន នូវវិធានការ ការពារ មេរោគមួយនេះ របស់ក្រសួងសុខាភិបាល ក្រោយពីមានការរកឃើញវិជ្ជមានដោយសារជម្ងឺនេះ ជាបន្តបន្ទាប់នៅតាមផ្សារ និងហាងលក់សម្ភារៈមួយចំនួននៅរាជធានីភ្នំពេញ។

    លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា បើទោះបីជានៅក្នុងខេត្តប៉ៃលិន មិនទាន់មានអ្នកវិជ្ជមាន ជម្ងឺនេះយ៉ាងណាក្តី តែយើងទាំងអស់គ្នា ត្រូវមានវិធានការ ការពារបង្ការ និងទប់ស្កាត់ឱ្យ បានតឹងរឹងបំផុត ព្រោះយើងមិនដឹងមេរោគនេះ វាលាក់ខ្លួននៅទីណានោះទេ ជាពិសេសនៅទីប្រជុំជន តាមបណ្តាហាងលក់ទំនិញ ហាងបាយ រមណីយដ្ឋានជាដើម។

    សូមឱ្យម្ចាស់ហាង ឬម្ចាស់កន្លែងកំសាន្តនានាក្នុងខេត្ត ត្រូវតែមានវិធានការខ្ពស់ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ការពារ លាងដៃនឹងទឹកអាល់កុល ឬជែល ព្រមទាំងនៅឃ្លាតឆ្ងាយពីគ្នា ប្រវែង១.៥មែត្រ។ បើមិនដូច្នេះទេ ហាង ឬកន្លែងលក់ទំនិញទាំងនោះ អាចប្រឈមមុខនឹងការបិទទ្វារ មិនឲ្យដំណើរការទៀតនោះឡើយ។

    សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមយុវជនស.ស.យ.ក ខេត្តប៉ៃលិន កំពុងតែមមាញឹក ពោលគឺចុះអប់រំណែនាំ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូចភ្លៀងរលឹម ដើម្បីការពារជម្ងឺមួយនេះ ឆ្លងរាលដាលនៅក្នុងសហគមន៍។

    លើសពីនេះ ក្រុមការងារក៍បានអប់រំ ប្រជាពលរដ្ឋឱ្យមានការប្រុង ប្រយ័ត្ន ហើយបើមានប្រជាពលរដ្ឋណាម្នាក់ មានអាការក្តៅខ្លួន ក្អក ហៀរសំបោរ ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដែលនៅជិត ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img