បន្ទាយមានជ័យ៖ ក្រុមការងារចម្រុះ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ត្រីជំនាញក.ប.ប ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការចុះផ្សព្វផ្សាយអប់រំណែនាំឲ្យប្រជាពលរដ្ឋ ដើរកំសាន្តអាជីវករលក់ដូរ អ្នកទិញ ចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ធ្វើឡើងនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ នៅតាមទីប្រជុំជន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
នៅក្នុងយុទ្ធនាការនេះ ក្រុមការងារចម្រុះ បានចែកម៉ាស់ និងណែនាំឲ្យប្រជាពលរដ្ឋ អាជីវករ ភ្ញៀវដើរកំសាន្ត នៅតាមផ្សារ តាមភោជនីយ៍អាហារ ហាង ម៉ាត តូប និងទីកន្លែងសំរាកលំហែកាយ ក្នុងតំបន់កាស៊ីណូ និងប្រជាពលរដ្ឋនៅតាមផ្ទះ ត្រូវរក្សាសុខភាព រក្សាអនាម័យ និងចូលរួមអនុវត្តតាមការផ្សព្វផ្សាយអប់រំ របស់ក្រសួងសុខាភិបាល៖ ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬជែល, ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ, ចៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ, ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានណែនាំបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីប្រទេសជិតខាង ត្រូវរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ ឬសាច់ញាតិរយៈពេល ១៤ថ្ងៃសិន មិនត្រូវដើរចេញទៅជួប ឬប៉ះពាល់អ្នកដទៃ ត្រូវឈរនិយាយគ្នា មានចំងាយយ៉ាងតិច ២ម៉ែត្រ ពាក់ម៉ាស់ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ ប្រសិនបើមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមានរោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាល ឬហៅ ទូរសព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ។
លោកបញ្ជាក់ថា រដ្ឋបាលក្រុងបន្តចុះអប់រំណែនាំ តាមរយៈក្រុមការងារចម្រុះ ឬតាមរយៈឃោសនស័ព្ទ ឲ្យជាប់ជាប្រចាំ ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ កូវីដ១៩ ដែលកំពុងតែឆ្លង មកប្រទេសកម្ពុជាយើង៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ